សម្តេចធិបតី ៖ កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបការគំរាមកំហែងទាំងសេដ្ឋកិច្ច និងយោធា ពីអ្នកជិតខាង
(តាកែវ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបចំពោះការគំរាមកំហែងពីប្រទេសជិតខាង កុំថាឡើយគំរាមកំហែងផ្នែកយោធា និងសេដ្ឋកិច្ចអ្វីជាដើមនោះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា នៅបឹងទន្លេបាទី ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថៃ បានគំរាមកំហែងដល់កម្ពុជាគ្រប់បែបយ៉ាង ម្តងហើយម្តងទៀត ទាំងផ្នែកយោធា និងផ្នែកសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ ថៃ ថែមទាំងបានចោទប្រកាន់កម្ពុជាថា ជាជម្រកនៃអំពើឆបោកតាមអនឡាញផ្ទុយពីការពិតផងដែរ ខណៈកើតឡើងនៅប្រទេសខ្លួនឯងមកចោទដាក់ថា កើតនៅកម្ពុជា។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចធិបតី បានឆ្លើយតបទៅកាន់ភាគីថៃវិញថា កុំឃើញកម្ពុជាមិនមាត់មិនក កុំគិតថា កម្ពុជាខ្លាចខ្លួនឲ្យសោះ កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទប់ទល់ជាមួយថៃគ្រប់មធ្យោបាយទាំងអស់។
ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា កម្ពុជាមិនចង់ធ្វើសង្គ្រាម ប៉ុន្តែក៏មិនខ្លាចធ្វើសង្គ្រាមដើម្បីការពារទឹកដី ដោយមិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រនោះឡើយ។ សម្ដេចធិបតី បញ្ជាក់ទៀតថា កម្ពុជាមិនចង់ធ្វើសង្គ្រាមទេ តែព្រមានដល់ភាគីដែលបានគំរាមកំហែងកម្ពុជាផងដែរថា កងទ័ព និងសព្វាវុធរបស់កម្ពុជា បានត្រៀមរួចជាស្រេច ដើម្បីការពារទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រឡើយ។
សម្តេចធិបតី បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាគ្មានចេតណាណាមួយ ឬភាពក្លាហានទៅដណ្ដើមទឹកដីប្រទេសជិតខាងឡើយ ដូចអ្នកនយោបាយថៃខ្លះ ចង់វាយយកភ្នំពេញនោះទេ ប៉ុន្តែកម្ពុជា មានភាពក្លាហានគ្រប់គ្រាន់ ក្នុងការពារទឹកដីរបស់ខ្លួន មិនឱ្យមានការឈ្លានពានបាននោះឡើយ ។
សម្ដេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជា មិនចាំបាច់មាត់អួតដូចគេ បន្ដិចថា ៥នាទី យន្តហោះមកទម្លាក់គ្រាប់បែក, បន្តិចចង់វ៉ៃយកខេត្តនេះ ខេត្តនោះរបស់កម្ពុជាទេ ប៉ុន្ដែកម្ពុជា បញ្ជាក់ហើយថា កុំតែចូលមកកម្ពុជាបានហើយ កម្ពុជា សូមតែសិទ្ធិការពារខ្លួនទេ ប៉ុន្ដែក្នុងការការពារ ក៏មានយុទ្ធវិធីវ៉ៃបកដែរ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

