Breaking News ៖ តុលាការធម្មនុញ្ញថៃព្យួរតួនាទីជានាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra
បាងកក ៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១ ខែកក្កដា នេះ បានសម្រេចចិត្តព្យួរតំណែងនាយករដ្ឋមន្ត្រីថៃរបស់លោកស្រី Paetongtarn Shinawatra ជាបណ្ដោះអាសន្ន ក្រោយបែកធ្លាយសារសំលេងតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមកាសែតថៃ The Nation។
ចៅក្រមទាំង៩រូបនៃតុលាការធម្មនុញ្ញថៃ ក្នុងសំឡេង ៧ ទល់នឹង ២សំឡេង បានបង្គាប់ឱ្យលោកស្រី Paetongtarn ផ្អាកការបំពេញតួនាទីជានាយករដ្ឋមន្ត្រីថៃ ចាប់ពីថ្ងៃទី១ ខែកក្កដានេះតទៅ រហូតដល់តុលាការធម្មនុញ្ញចេញសាលក្រមសម្រេចចុងក្រោយ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់តុលាការធម្មនុញ្ញថៃ។
ទោះបីជាព្យួរតំណែងនាយករដ្ឋមន្ត្រីថៃក៏ដោយ
លោកស្រី Paetongtarn នៅតែអាចបំពេញមុខងារជារដ្ឋមន្ត្រីវប្បធម៌ថៃ នៅក្នុងជួរគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី។
លោកស្រី Paetongtarn បានតែងតាំងខ្លួនឯងសម្រាប់មុខតំណែងបន្ថែម ជារដ្ឋមន្ត្រីវប្បធម៌នៅក្នុងខុទ្ទកាល័យថ្មី ដែលត្រូវបានចុះហត្ថលេខាដោយព្រះមហាក្សត្រ និងបានបោះពុម្ពផ្សាយនៅក្នុងកាសែត Royal Gazette ភ្លាមៗមុនពេលតុលាការធម្មនុញ្ញថៃធ្វើការសម្រេចចិត្តនៅថ្ងៃអង្គារនេះ។
គួរកត់សម្គាល់ ការសម្រេចរបស់តុលាការធម្មនុញ្ញថៃនេះ ធ្វើឡើងតាមរយៈការទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦រូប ដែលបានចោទប្រកាន់លោកស្រី Paetongtarn ថា គ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕
ប្រភព ៖ The Nation ប្រែសម្រួល ៖ ឈឹម ទីណា


