មនុស្សជាងមួយពាន់នាក់ ចូលរួមរត់កម្សាន្តដើម្បីភាពញញឹមរបស់ទារក និងកុមារនៅកម្ពុជា
កំពត៖ការរត់ដើម្បីភាពញញឹមរបស់ទារកនិងកុមារកម្ពុជានៅខេត្តកំពត បានធ្វើ ឡើងដើម្បីផ្សាភ្ជាប់រវាងកីឡាជាមួយនឹងកិច្ចការសប្បុរសធម៌ ពិសេសដើម្បីបំផុស ស្មារតីខ្មែរជួយខ្មែរ។សកម្មភាពដែលបានប្រព្រឹត្តទៅបរិវេណរូបសំណាកត្រីសេះ សមុទ្របាញ់ទឹកកាលពីចុងខែមិថុនាកន្លងទៅនេះគឺដើម្បីចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឹននាក់” ឆ្នាំ២០២៥ ។

ក្នុងពេលចូលរួម ការរត់ដើម្បីភាពញញឹមរបស់ទារកនិងកុមារកម្ពុជានៅខេត្តកំពត លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា អនុប្រធានប្រត្តិបត្តិក្រុមប្រឹក្សារនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានកត់សម្គាល់អំពីការ ចូលរួមយ៉ាងសស្រោកសស្រាំរបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពត ថាជាសកម្មភាពចូលរួម និងបរិច្ចាគគួរឱ្យសរសើរ។

ចំណែកឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិតជាមាន សារៈសំខាន់ណាស់។យើងគ្រប់គ្នាគួរតែចូលរួមបរិច្ចាគ និងបំផុសនៅគ្រប់មូលដ្ឋាន ដើម្បីជួយសង្គ្រោះជីវិតទារកនិងកុមារនៅកម្ពុជា។

ក្នុងសកម្មភាពរត់កម្សាន្តដើម្បីមនុស្សធម៌ ក្រុមយុវជនចូលរួមបានបង្ហាញ អារម្មណ៍ សប្បាយរីករាយ ព្រោះពួកគេយល់ថា ការរត់នេះជាសកម្មភាពកម្សាន្តរួមគ្នាផង ដើម្បីសុខភាពផង ពិសេសរត់ដើម្បីប្រមូលថវិកា បរិច្ចាគជូនមូលនិធិគន្ធបុប្ផាផង។
សូមជម្រាបថា សម្រាប់រដ្ឋបាលខេត្តកំពត កម្មវិធីរត់កម្សាន្តដើម្បីភាពញញឹម របស់ទារក និងកុមារនៅកម្ពុជា គឺជាព្រឹត្តិការណ៍ធំចុងក្រោយ នៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”ឆ្នាំ២០២៥ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយការរត់មានចម្ងាយ១០គីឡូ ,៥គីឡូ និង៣គីឡូ ៕
ដោយ៖ សិលា សារិន


