កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ។

សម្តេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅកម្ពុជា ។

សម្តេចបវរធិបតី ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះជ័យជំនះរបស់ឯកឧត្តម និងគណបក្ស People’s Action Party ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ដែលលទ្ធផលនេះស្តែងឱ្យឃើញនូវទំនុកចិត្ត និងការជឿជាក់របស់ប្រជាជនសិង្ហបុរី ចំពោះការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានថ្លែងអំណរគុណសម្តេចបវរធិបតី យ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម និងគណៈប្រតិភូ។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ស្របពេលខួបទី៦០ នៃការបង្កេីតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ និងបានឆ្លុះបញ្ចាំង អំពីភាពជាដៃគូយូរអង្វែង និងរឹងមាំ រវាងប្រទេសយើងទាំងពីរ ក្នុងពេលបច្ចុប្បន្ន និង តទៅអនាគត។

ថ្នាក់ដឹកទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ យូរអង្វែង និងប្រកបដោយផ្លែផ្កា រវាងកម្ពុជា និង សិង្ហបុរី ព្រមទាំងសម្ដែងក្ដីរីករាយ និងស្វាគមន៍ ចំពោះការរៀបចំនូវព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបទី៦០ នៃការបង្កេីតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានវាយតម្លៃខ្ពស់អំពីការសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលកើតចេញ ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគ្រប់កម្រិត និងគ្រប់វិស័យ, ព្រមទាំងប្ដេជ្ញា បន្តជំរុញពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងក្របខ័ណ្ឌទ្វេភាគី, ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹងពង្រីក នូវកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការតភ្ជាប់ប្រជាជន និងប្រជាជន, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សន្តិសុខស្បៀង និងថាមពល, និង ការបណ្តុះបណ្តាលជំនាញ និង វិជ្ជាជីវៈ។

ក្នុងក្របខ័ណ្ឌពហុភាគី, ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍ នៃប្រទេស និងប្រជាជនទាំងពីរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner