លោក Trump គំរាមបណ្តេញពលរដ្ឋអាក្រក់ទាំងអស់ចេញពីទឹកដីអាមេរិក

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានព្រមានធ្ងន់ៗទៅកាន់ក្រុមឧក្រិដ្ឋជនទូទាំងសហរដ្ឋអាមេរិកថា ពួកគេនឹងត្រូវចាប់បញ្ជូនទៅជ្រកកោណនៅមជ្ឈមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍បណ្តោះអាសន្ន ‘Alligator Alcatraz’ ហើយក្រោយមក នឹងត្រូវនិរទេសចេញពីសហរដ្ឋអាមេរិកតែម្តង។

លោកប្រធានាធិបតី Trump បានថ្លែងគំរាមបែបនេះ ក្នុងកំលុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលឃុំឃាំងជនចំណាកស្រុកនៅតំបន់ Everglades ដែលហ៊ុព័ទ្ធដោយសត្វក្រពើ និងសត្វអាសេពិស។ មេដឹកនាំអាមេរិករូបនេះ បានគូសបញ្ជាក់ថា យើងមានមនុស្សអាក្រក់ជាច្រើន ដែលសង្ខំជ្រកកោននៅទីនេះជាយូរមកហើយ… ពួកគេខ្លះកើតនៅក្នុងប្រទេសរបស់យើង… ដូច្នេះខ្ញុំគិតថា យើងគួរតែបញ្ជូនពួកគេទាំងនោះចេញពីសហរដ្ឋអាមេរិកតែម្តង។

នេះមិនមែនជាលើកទីមួយទេ ដែលលោកប្រធានាធិបតី Trump លើកឡើងអំពីការនិរទេសជនជាតិអាមេរិក ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្ម។ ជាក់ស្តែង កាលពីខែមេសា លោក Trump ក៏បានស្នើឱ្យបញ្ជូនពួកគេទៅកាន់ពន្ធនាគារដ៏ធំនៅប្រទេសអែលសាល់វ៉ាឌ័រ ដែលបច្ចុប្បន្នកំពុងបម្រើជាឃ្លាំងស្តុកជនចំណាកស្រុកនិរទេសចេញពីសហរដ្ឋអាមេរិក។

យ៉ាងណា គំនិតនេះបានលេចចេញជាថ្មីកាលពីថ្ងៃទី១ ខែកក្កដា នៅពេលដែលលោក Trump បានចុះត្រួតពិនិត្យដោយផ្ទាល់មជ្ឈមណ្ឌលឃុំឃាំងជនចំណាកស្រុកថ្មី ហើយបានអះអាងថា ឆាប់ៗនេះ វានឹងក្លាយជាកន្លែងស្នាក់នៅរបស់ក្រុមមនុស្ស ដែលលោកចាត់ទុកថា ជាជនចំណាកស្រុកបង្កការគំរាមកំហែងបំផុត និង កាចសាហាវបំផុតនៅលើភពផែនដី។

យ៉ាងណា គណបក្សប្រជាធិបតេយ្យបានចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះការសាងសង់មជ្ឈមណ្ឌលឃុំឃាំងជនចំណាកស្រុកថ្មីនេះ ពីព្រោះទីតាំងរបស់វាសាងសង់ឡើងនៅចំកណ្តាលវាលភក់ ដែលហ៊ុព័ទ្ធដោយសត្វអាសេពិស និងសត្វក្រពើ ហើយក៏ជាតំបន់មួយនៃរដ្ឋផ្លរីដា ដែលងាយនឹងរងគ្រោះពីព្យុះសង្ឃរា។ រីឯអ្នកបរិស្ថានបានចោទសួរពីផលប៉ះពាល់ដល់អាកាសធាតុក្នុងតំបន់ ហើយជនជាតិដើមអាមេរិកបានតវ៉ាថា មជ្ឈមណ្ឌលឃុំឃាំងនេះ ត្រូវបានសាងសង់នៅលើទឹដីដ៏ពិសិដ្ឋ៕

ប្រភព ៖ Daily mail ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner