វិស័យធានារ៉ាប់រងកម្ពុជា នៅតែមានកំណើនវិជ្ជមាន ទោះបីពិភពលោកកំពុងជួបវិបតិ្តសកលក៏ដោយ
(ភ្នំពេញ)៖ ឯកឧត្ដម ប៊ូ ច័ន្ទភិរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០ នាព្រឹកថ្ងៃទី៣ ខែ កក្តដាថា បើទោះបីពិភពលោកកំពុងជួបប្រទះវិបត្តិសកលក៏ពិតមែន ក៏កំណើនធានារ៉ាប់រងកម្ពុជានៅតែទទួលបានផលវិជ្ជមាន បើទោះបីកំណើននេះមិនបានខ្ពស់ដូចពីមុនក៏ដោយ។ ជាក់ស្តែង ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងពីប្រមាណ ២៩៩ លានដុល្លារ អាម៉េរិក ក្នុងឆ្នាំ២០២១ ដល់ ប្រមាណ ៣៥៧ លានដុល្លារអាម៉េរិកនៃបុព្វលាភធានារ៉ាប់រងដុល ក្នុងឆ្នាំ២០២៤ ជាមួយនឹងទ្រព្យសកម្មសរុបប្រមាណជាង ១ ប៊ីលានដុល្លារអាម៉េរិក និងមូលនិធិ ភាគហ៊ុនិកសរុបប្រមាណជាង ៤៤៩ លានដុល្លារអាម៉េរិក។
ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៤ បន្ទុកហិរញ្ញវត្ថុប្រមាណជាង ៨០ ប៊ីលានដុល្លារអាម៉េរិក ត្រូវបានការពារដោយកិច្ចសន្យាធានា- រ៉ាប់រង ដែលក្នុងនោះ សំណងធានារ៉ាប់រងប្រមាណជាង ១០៤ លានដុល្លារអាម៉េរិក ត្រូវបានផ្តល់ ជូនអ្នកត្រូវបានធានា និងអ្នកទទួលផល។ យ៉ាងណាម៉ិញទីផ្សារធានារ៉ាប់រងកម្ពុជា បានរួមចំណែកក្នុងសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ១,១៣% និងដង់ស៊ីតេធានារ៉ាប់រង ២០,៦៥ ដុល្លារអាម៉េរិក ក្នុង មនុស្សម្នាក់ ។
ឯកឧត្ដម ប៊ូ ច័ន្ទភិរូ បានគូសបញ្ជាក់ចំណុចសំខាន់ៗចំនួនដូចជា៖
១).ក្របខណ្ឌសហប្រតិបត្តិការនិងការតភ្ជាប់៖ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស និងពង្រីកការតភ្ជាប់ជាមួយស្ថាប័នជាតិនិង អន្តរជាតិ ក្នុងគោលដៅការធ្វើវិសិដ្ឋកម្មសេវាធានារ៉ាប់រងកម្ពុជាទៅកម្រិតអន្តរជាតិ និងអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា ប្រកបដោយចីរភាព។
២).ក្របខណ្ឌនិយ័តកម្ម៖ ត្រូវពង្រឹងយន្តការ និងវិធីសាស្ត្រ តាមដាន និងត្រួតពិនិត្យ ស្ថានភាពហិរញ្ញវត្ថុនិងប្រតិបត្តិការទីផ្សាររបស់គ្រឹះស្ថានធានារ៉ាប់រង និងត្រូវជំរុញ អនុលោមភាពរបស់គ្រឹះស្ថានធានារ៉ាប់រងទៅច្បាប់និងបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹង ការធានារ៉ាប់រង។
៣).ក្របខណ្ឌទីផ្សារធានារ៉ាប់រង៖ ត្រូវពង្រីកការផ្តល់សេវាធានារ៉ាប់រង និងផលិតផលធានា- រ៉ាប់រង ដូចជាផលិតផលធានារ៉ាប់រងគ្រោះមហន្តរាយ ផលិតផលធានារ៉ាប់រងផ្នែក កសិកម្ម ជាដើម ឱ្យបានទូលំទូលាយ និងត្រូវធានាគុណភាពវិជ្ជាជីវៈធានារ៉ាប់រងតាម ស្តង់ដារអន្តរជាតិ ទាំងការលក់ផលិតផល ការដោះស្រាយសំណងជូនអតិថិជន និង ការថែរក្សាអតិថិជន ដើម្បីកសាងទំនុកចិត្តពីអតិថិជន។
៤).ក្របខណ្ឌស្ថាប័ន៖ ត្រូវទាញយកផលប្រយោជន៍ជាអតិបរមាពីនិន្នាការវិវត្តថ្មីៗ ជា ពិសេសបច្ចេកវិទ្យាធានារ៉ាប់រង ដើម្បីធ្វើឱ្យទីផ្សារធានារ៉ាប់រងកាន់តែមានភាពទាក់ទាញ និងប្រកបដោយនវានុវត្តន៍៕





រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ