មន្រ្តីជំរុញការអាន ដល់ប្រជាពលរដ្ឋទូទៅ
កំពង់ធំ៖ ឯកឧត្តម ហង្ស ច័ន្ទវរៈ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីសារសំខាន់នៃការអានសៀវភៅជាប្រចាំ និងបានលើកទឹកចិត្តដល់ប្រជាជនគ្រប់វ័យឱ្យយកចិត្តទុកដាក់លើការសៀវភៅ ព្រោះការអានបានផ្សាភ្ជាប់ជាមួយជីវិតរស់នៅ។
ក្នុងពិធីសំណេះសំណាល និងចែកជូនសៀវភៅសីលរតនៈ ជាធម្មទានដ៏មានតម្លៃពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ដល់លោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យជាង៣៥០នាក់នៅ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំឯកឧត្តម ហង្ស ច័ន្ទវរៈបានបន្តថា ការអានសៀវភៅជារៀងរាល់ថ្ងៃ ប្រៀបដូចជាការដាក់ជីឱ្យខួរក្បាល។ជាការបណ្ដុះពុទ្ធិ។សៀវភៅជួយសម្អាតគំនិត បង្កើនសមត្ថភាពវិភាគ និងជាផ្លូវឆ្ពោះទៅរកភាពជោគជ័យនានា។
ឯកឧត្តម ហង្ស ច័ន្ទវរៈ បានបញ្ជាក់ថាការអានជួយឱ្យមនុស្សមានទំនាក់ទំនងល្អ ។ជួយបង្កើនសមត្ថភាព។យល់ចិត្តអ្នកដទៃ ។បង្កើតសមត្ថភាពនៃការដោះស្រាយបញ្ហា និងបង្កើនការយល់ដឹងអំពីវប្បធម៌ សេដ្ឋកិច្ច នយោបាយ និងសង្គម។ទោះបីជាចូលចិត្តអានឬមិនចូលចិត្តក៏ដោយ គួរតែប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនសម្រាប់ការអាន៕





ដោយ៖ប៊ុនរដ្ឋា