ជម្លោះស៊ូដង់ខាងត្បូងសម្លាប់ជនស៊ីវិលខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២០

ណៃរ៉ូប៊ី ៖ ចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ូដង់ខាងត្បូង បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត៥ឆ្នាំ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២ ខែកក្កដា។

បេសកកម្មរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) បាននិយាយថា នៅចន្លោះខែមករា និងខែមីនាឆ្នាំនេះ ជនស៊ីវិលចំនួន ៧៣៩នាក់ត្រូវបានសម្លាប់របួស ៦៧៩នាក់ ត្រូវគេចាប់ពង្រត់ ១៤៩នាក់ និង ៤០នាក់ទៀតរងអំពើហិង្សាផ្លូវភេទទាក់ទងនឹងជម្លោះ។

បេសកកម្មនេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បើប្រៀបធៀបទៅនឹងត្រីមាសមុន ចំនួនអ្នកស្លាប់ចុងក្រោយនេះ បានស្ទុះឡើងដល់ទៅ ១១០ភាគរយ ពោលគឺជនស៊ីវិលពី ៣៥២ទៅ៧៣៩នាក់ត្រូវបានសម្លាប់។ តួលេខសរុបនេះ គឺជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៣ខែចាប់តាំងពីឆ្នាំ២០២០។

ជនរងគ្រោះភាគច្រើនត្រូវបានកត់ត្រានៅក្នុងរដ្ឋ Warrap ជាកន្លែងដែលលោកប្រធានាធិបតីស៊ូដង់ខាងត្បូងបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីខែមិថុនា។ ហើយការសម្លាប់ភាគច្រើនមានជាប់ពាក់ព័ន្ធនឹងកងជីវពលតាម សហគមន៍ ឬ ក្រុមការពារស៊ីវិល។

ប្រទេសអាហ្វ្រិកខាងកើតមួយនេះ បានជួបអស្ថិរភាពកើនឡើង យ៉ាង ខ្លាំង ដោយសារតែអំពើ ហិង្សា ចាប់តាំងពីការចាប់ផ្តើមប្រជែងអំណាច គ្នា រវាង លោក ប្រធានាធិបតី Salva Kiir ននិងលោកអនុប្រធានាធិបតី Riek Machar។

ទន្ទឹមគ្នា អង្គការសហប្រជាជាតិបានព្រមានម្តងហើយម្តងទៀត អំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសក្រីក្រ ដែលទើបតែងើបឡើងវិញពីសង្គ្រាមស៊ីវិលរយៈពេល៥ឆ្នាំ រវាងកងកម្លាំងសម្ព័ន្ធមិត្តជាមួយលោក Kiir និងលោក Machar ដែលបានបញ្ចប់ដោយកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៨ដ៏ផុយស្រួយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner