មន្រ្តី៖យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត នឹងដើរតួនាទីជាចក្ខុវិស័យជាតិ និងជាយុទ្ធសាស្ត្របម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋ
ភ្នំពេញ៖យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត នឹងដើរតួនាទីជាចក្ខុវិស័យជាតិ និងជាយុទ្ធសាស្ត្រសម្រាប់បម្រើអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់គ្នា រួមទាំងក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងសាធារណៈជន។នេះជាការបញ្ជាក់របស់ឯកឧត្ដម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្ដីពី “សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា” នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្ដម កែវ សុទ្ធិ បន្តថា បញ្ញាសិប្បនិម្មិតមិនមែនជាបច្ចេកវិទ្យាដែលនឹងត្រូវអភិវឌ្ឍនិងគិតគូរនាពេលអនាគតទៀតនោះទេ គឺជាបច្ចេកវិទ្យាដែលត្រូវអភិវឌ្ឍនិងគិតគូរនាពេលបច្ចុប្បន្ន។

សូមជម្រាបថា សិក្ខាសាលាថ្នាក់ជាតិនេះមានកិច្ចពិភាក្សាតាមក្រុមចំនួន១៥ ដោយមានសិក្ខាកាមចូលរួមជាង៣០០នាក់តំណាងតួអង្គពាក់ព័ន្ធចម្រុះក្នុងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត ដើម្បីផ្ដល់សុពលភាពលើធាតុចូលកន្លងមក និងប្រមូលធាតុចូលបន្ថែមលើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។

ក្រុមទាំង១៥ បានពិភាក្សាលើមូលបទធំៗចំនួន ៣ គឺបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច, បញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍសង្គម និងបញ្ញាសិប្បនិម្មិតដើម្បីរដ្ឋាភិបាលឌីជីថល។ ក្រោយពីកិច្ចពិភាក្សាតាមក្រុម ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សារួម។

ក្នុងឱកាសនេះដែរឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានថ្លែងអំណរគុណចំពោះវត្តមានសិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមសិក្ខាសាលាជាតិនេះ ។សិក្ខាសាលានេះដែរ ដើម្បីផ្យព្វផ្សាយ “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត”ឱ្យក្លាយជាយុទ្ធសាស្ត្រគោលរួមសម្រាប់កំណត់ទិសដៅជំរុញការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងលើកកម្ពស់អភិបាលកិច្ចការប្រើប្រាស់ ដោយអនុលោមតាមបរិបទនៃការធ្វើបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថល៕
ដោយ៖ង៉ាន់ ទិត្យ
