កម្ពុជា កំពុងពង្រឹងការអភិវឌ្ឍលើវិស័យវារីវប្បកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់ និងឈានដល់ការនាំចេញ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងក្នុងកម្មវិធីទិវាមច្ឆជាតិឆ្នាំ២០២៥ ថា ដើម្បីអភិវឌ្ឍន៍វិស័យវារីប្បកម្មឱ្យកាន់តែរីកចម្រើន ក្រសួងបានជំរុញការងារស្រាវជ្រាវ បង្កាត់ភ្ញាស់ប្រភេទវារីសត្វកម្រ និងមានតម្លៃសេដ្ឋ កិច្ចសម្រាប់កសិករ ក្នុងនោះមានដូចជា ត្រីខ្ជឹង ត្រីខ្យា ត្រីគ្រំ ត្រីតុកែ ក្តាមថ្ម ក្តាមសេស រួមនឹងការដាក់ពង្រាយប្រអប់ជម្រកសិប្បនិម្មិតជាង១ ៣០០ប្រអប់នៅក្នុងសមុទ្រ ដើម្បីបង្កើនជម្រកដល់វារីសត្វ និងទប់ស្កាត់ការនេសាទដោយប្រើអួនអូសក្នុងតំបន់ទីជម្រកត្រី ។
រដ្ឋបាលជលបានផ្តល់ការគាំទ្របច្ចេកទេស និងបង្កាត់ភ្ញាស់ពាក់កណ្តាលសិប្បនិម្មិតដល់សហគមន៍ក្នុងខេត្តកោះកុង ខេត្តកំពត និងកែប ជាដើម តាមរយៈការអំពាវនាវឱ្យអ្នកនេសាទព្រលែងក្តាមពង ១៥០០ក្បាលចូលទៅក្នុងសមុទ្រ ក្នុងកម្មវិធីបង្កើនផលស្តុកក្តាមសេះនៅតំបន់ឆ្នេរ។ ក្រៅពីនេះ ក្រសួងក៏បានបំពាក់ឧបក រណ៍ តាមដាន (VMS) លើនាវានេសាទជិត១៥០០គ្រឿង ដើម្បីត្រួតពិនិត្យសកម្ម ភាព នេសាទក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រ។
សូមជម្រាបថា វារីវប្បកម្ម និងនេសាទ ជាសកម្មភាពសេដ្ឋកិច្ចជំនួស ឬសកម្មភាពសេដ្ឋកិច្ចបន្ថែមសម្រាប់គ្រួសារកសិកម្មនៅក្នុងប្រទេសកម្ពុជា។ តាមការអង្កេតកសិកម្មឆ្នាំ២០២៣អាចប៉ាន់ស្មានថា គ្រួសារដែលបានកាន់កាប់កសិកម្មមានចំនួនចំនួន ៦១ ,៦៦០ គ្រួសារ បានចូលរួមក្នុងសកម្មភាពវារីវប្បកម្ម ហើយមានគ្រួសារកាន់កាប់កសិកម្មចំនួន ៤៤៤, ១៩០ គ្រួសារបានចូលរួមក្នុងសកម្មភាពនេសាទ។ មានគ្រួសារកាន់កាប់កសិកម្មចំនួន ១៦ ០២០ គ្រួសារ បានចូលរួមទាំងនៅក្នុងសកម្មភាពវារីវប្បកម្ម និងនេសាទ។ តំបន់ដែលមានចំនួនគ្រួសារច្រើនជាងគេក្នុងវិស័យវារីវប្បកម្ម គឺតំបន់វាលទំនាប ដែលមានគ្រួសារកាន់កាប់កសិកម្មចំនួ ៤៩,០០០ គ្រួសារ។ តំបន់ដែលមានចំនួនគ្រួសារច្រើនជាងគេបានចូលរួមក្នុងសកម្មភាពនេសាទ គឺតំបន់បឹងទន្លេសាប មានចំនួន ១៩៩ ៣១០ គ្រួសារ។
នៅក្នុងឆ្នាំ២០២៤ ផលនេសាទសមុទ្រកម្ពុជាសម្រេចបានជិត១៤ម៉ឺនតោន កើនឡើង ១១ភាគរយ និងផលនេសាទទឹកសាបទទួលបានជិត៤៧ម៉ឺនតោន កើនឡើង៩,៥ភាគរយធៀបនឹងឆ្នាំ២០២៣។ ចំណែកផលវារីវប្បកម្ម សម្រេចបាន៣២ម៉ឺនតោនកើនឡើងរង្វង់២ភាគរយផងដែរ។ នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ វិស័យកសិកម្មកម្ពុជា សម្រេចបាននូវបរិមាណកសិផលសរុបមាន ៣៦លានតោន ក្នុងនោះកសិផលនាំចេញ មានប្រមាណ១២លានតោន និងប្រមូលបាន ទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារ អាមេរិក៕ លោក វិន ឈុនហ៊ាត

