សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួប និងស្វាគមន៍លោកតា ស៊ុច យ៉ាងកក់ក្តៅ បន្ទាប់ពីបាននិមន្តមកដល់ទឹកដីកម្ពុជា
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយលោកតា ស៊ុច នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបាននិមន្តមកដល់ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ ហេីយសង្ឃឹមថា ព្រះអង្គនឹងជួយដល់ប្រជាជនកម្ពុជា លេីវិថី នៃការអប់រំតាមព្រះធម៌ នៃមាគាព្រះពុទ្ធសាសនារបស់យេីង ។
សូមជម្រាបថា ព្រះតេជគុណតា ស៊ុច ជាព្រះសង្ឃមួយអង្គមានស្រុកកំណើតនៅខេត្តបូរីរាំ ព្រះរាជាណាចក្រថៃ បានសំរេចព្រះទ័យចូលមកកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមិននិមន្តទៅប្រទេសថៃវិញជាដាច់ខាត។ ការនិមន្តមកប្រទេសកម្ពុជាពីសំណាក់លោកតា ស៊ុច គឺក្រោយពីមានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ជាងនេះទៅទៀត ខណៈព្រះអង្គនិមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាវេលាម៉ោង ១០ និង ១៥នាទីព្រឹក ថ្ងៃទី០២ កក្កដា គេបានឃើញមានព្រះសង្ឃ និងតាជី យាយជី រាប់រយនាក់ បាននិមន្ត និងអញ្ជើញមកទទួលលោកតាស៊ុចយ៉ាងកក់ក្ដៅបំផុត។ លោកតា ស៊ុច ជាព្រះសង្ឃមួយអង្គ ដែលតែងតែមានសង្ឃដីកាពិត និងសម្ដែងធម៌ទេសនា អ្វីដែលជាសច្ចភាព បច្ចុប្បន្ន និងអនាគត ចែកជូនដល់ពុទ្ធបរិស័ទ្ធជានិច្ច ហើយអ្វីដែលលោកតា មានសង្ឃដីកាចុងក្រោយនេះ ក៏ជាពាក្យពិត ដែលធ្វើឱ្យថ្នាក់ដឹកនាំ ក៏ដូចជា ប្រជាជនថៃ ខ្លាចការពិត ខ្លាចសច្ចធម៍ មិនហ៊ានប្រឈមមុខនឹងច្បាប់អន្តរជាតិ ។
ព្រះអង្គមានព្រះទ័យ សប្បាយរីករាយដោយព្រះអង្គតូចទាប មិនមានបុណ្យស័ក្តអ្វីទេ តែត្រូវបានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យព្រះអង្គនិមន្តមកប្រទេសកម្ពុជា ដោយការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ។
គួរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរសំណេរក្នុងហ្វេសបុករបស់សម្តេចហើយថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចសូមស្វាគមន៍ ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា ។ មិនត្រឹមតែចំពោះលោកតាស៊ុច ទេ បើសិនជាមានព្រះតេជគុណ ព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារមានសង្ឃដីកា ឬបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវ របស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន សម្ដេច សូមនិមន្ត និងអញ្ជើញព្រះតេជគុណ និងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។ រាជរដ្ឋាភិបាល និងប្រជាជនខ្មែរ ស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថា នឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ ៕
ដោយ ៖ វណ្ណលុក


