សង្គ្រាមអ៊ុយក្រែនបំផុសពលរដ្ឋរុស្ស៊ីជាង ២១ម៉ឺននាក់ចូលបម្រើទ័ពគិតត្រឹមពាក់កណ្តាលឆ្នាំនេះ
មូស្គូ ៖ ប្រជាជនរុស្ស៊ីជាង ២១០.០០០នាក់ បានចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចូលរួមប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev។
សារព័ត៌មាន kyivindependent បានរាយការណ៍នៅថ្ងៃទី២ ខែកក្កដាថា លោក Medvedev បានប្រាប់កិច្ចប្រជុំរបស់គណៈកម្មាការ ស្តីពីការផ្តល់កម្លាំងប្រដាប់អាវុធថា ល្បឿននេះ គឺសមរម្យល្អណាស់ ហើយលោកសង្ឃឹមថា រុស្ស៊ីនឹងអាចរក្សាសន្ទុះដូចគ្នានាពេលអនាគត។ លោកថា ពលរដ្ឋចំនួន ១៨.០០០នាក់បន្ថែមទៀត បានចូលរួមជាមួយអង្គភាពស្ម័គ្រចិត្ត។
ការចូលបម្រើទ័ពដ៏ច្រើនលើសលប់នេះកើតឡើងនៅពេលដែលរុស្ស៊ីបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ខ្លួន បើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពីអ៊ុយក្រែន អាមេរិក និងដៃគូអឺរ៉ុបឱ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌមួយក៏ដោយ។
ចារកម្មសម្ងាត់របស់លោកខាងលិច និងអ៊ុយក្រែន ដែលដកស្រង់ដោយកាសែត Wall Street Journal បានឲ្យដឹងថា រុស្ស៊ីបានជ្រើសរើសទាហានថ្មីពី ៣០.០០០ ទៅ ៤៥.០០០នាក់ក្នុងមួយខែ។
តួលេខនេះហក់ឡើងជិតពីរដងនៃអត្រាចល័តទ័ពរបស់អ៊ុយក្រែន។ លោកប្រធានាធិបតី Volodymyr Zelensky និយាយថា យោធាអ៊ុយក្រែនបានជ្រើសរើសកងទ័ពពី ២៥.០០០ ទៅ ២៧.០០០នាក់ក្នុងមួយខែប៉ុណ្ណោះ។
អ៊ុយក្រែនបានប៉ាន់ប្រមាណថា រុស្ស៊ីបានខាតបង់ទាហានជិត ១លាននាក់ ចាប់តាំងពីការលុកលុយទ្រង់ទ្រាយធំបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ យ៉ាងណា រុស្ស៊ីបានប៉ះប៉ូវការខាតបង់របស់ខ្លួន តាមរយៈការជ្រើសរើសពលទាហានថ្មីដ៏ច្រើនសម្បើម និងការហូរចូលនៃទាហានជាប់កិច្ចសន្យា។
តួយ៉ាង នៅចុងឆ្នាំ២០២៤ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយបង្កើនទំហំកងកម្លាំងប្រដាប់អាវុធដល់ ២.៣៨លាននាក់ រួមទាំងសមាជិកយោធា ១.៥លាននាក់។
ចំណែកក្នុងឆ្នាំ២០២៥នេះ រុស្ស៊ីក៏បានបើកដំណើរការសវនកម្មដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល ១៤ឆ្នាំ ដោយមានបំណងជ្រើសរើសមនុស្សចំនួន ១៦០.០០០នាក់សម្រាប់សេវាកម្មចាំបាច់៕
ប្រភព ៖ kyivindependent ប្រែសម្រួល ៖ ឈឹម ទីណា
