ពួកតាលីបង់សាទរចំពោះការទទួលស្គាល់របស់រុស្ស៊ី
បរទេស ៖ ក្រុម តាលីបង់ ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន បានសាទរ ចំពោះការទទួលស្គាល់រុស្ស៊ី ដោយចាត់ទុកថាជា “ការសម្រេចចិត្តដ៏ក្លាហាន”។
វីដេអូ ដែលបានបង្ហោះ នៅលើបណ្តាញសង្គម X ដោយអ្នកនាំពាក្យរដ្ឋាភិបាល តាលីបង់ កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីទិដ្ឋភាពរដ្ឋមន្ត្រីការបរទេស អាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi សាទរចំពោះការទទួលស្គាល់ របស់រុស្ស៊ី លើរដ្ឋាភិបាល តាលីបង់។
ប្រភពបានបញ្ជាក់ថា ការសាទរនេះ បានធ្វើឡើង ក្នុងពេលដែលលោករដ្ឋមន្ត្រី Muttaqi បានជួបជាមួយ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអាហ្វហ្គានីស្ថាន គឺ លោក Dmitry Zhirnov ក្នុងទីក្រុងកាប៊ុល។
ជាការកត់សម្គាល់ថា រុស្ស៊ីក្លាយជាប្រទេសដំបូងគេ ដែលទទួលស្គាល់ តាលីបង់។ តំណាងពិសេស របស់ទីក្រុងមូស្គូ សម្រាប់អាហ្វហ្គានីស្ថាន លោក Zamir Kabulov បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ របស់រុស្ស៊ី Ria Novosti ថា ទីក្រុងមូស្គូ បាន “ទទួលស្គាល់” រដ្ឋាភិបាលតាលីបង់។ ក្រសួងការបរទេសរុស្ស៊ី ក៏បានបញ្ជាក់ព័ត៌មាននេះ ទៅកាន់ទីភ្នាក់ងារព័ត៌មាន TASS ផងដែរ។
គួរកត់សម្គាល់ថា រដ្ឋជាច្រើនផ្សេងទៀត មានឯកអគ្គរដ្ឋទូត តាលីបង់ នៅក្នុងរដ្ឋធានី របស់ពួកគេ ប៉ុន្តែ មិនទាន់បានទទួលស្គាល់ ជាផ្លូវការ នូវរដ្ឋឥស្លាម ដូចរុស្ស៊ី នោះឡើយ៕


ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត