រុស្ស៊ីនិងអ៊ុយក្រែនដោះដូរអ្នកទោសជាថ្មី

បរទេស ៖ រុស្ស៊ី និង អ៊ុយក្រែនបានប្រកាសពីការដោះដូរអ្នកទោសជាថ្មី កាលពីថ្ងៃសុក្រ ជាផ្នែកមួយ នៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ អំឡុងពេលកិច្ចពិភាក្សា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីខែមុន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាងថា «ពួកគេភាគច្រើន ត្រូវបានឃុំឃាំង នៅប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ២០២២»។ លោក Zelensky បាននិយាយទៀតថា «ពួកគេ រួមមាន កងទ័ព, ឆ្មាំជាតិ, មន្ត្រីសេវាព្រំដែន, សេវាដឹកជញ្ជូន រួមនឹង ជនស៊ីវិល ផងដែរ»។ ប៉ុន្តែ លោកមិនបានបញ្ជាក់ថា តើមានជនជាតិអ៊ុយក្រែន ប៉ុន្មាននាក់ ដែលត្រូវបានបញ្ជូនមកវិញ នោះទេ។

ក្រសួងការពារជាតិរុស្ស៊ី ក៏បានរាយការណ៍ អំពីការដោះដូរនេះផងដែរ ដោយនិយាយថា ទីក្រុង Kyiv បានប្រគល់ទាហានមួយក្រុម ដែលបច្ចុប្បន្ន ស្ថិតនៅក្នុងប្រទេសបេឡារុស ជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ។ ប៉ុន្តែ ខ្លួនក៏មិនបាននិយាយថា ចំនួនទាហានប៉ុន្មាននាក់ ដែលត្រូវបាន ដោះដូរ នោះដែរ។

ប្រទេសរុស្ស៊ី ត្រូវបានគេជឿថា បានឃុំឃាំងអ្នកទោសអ៊ុយក្រែន រាប់ពាន់នាក់ ដែលភាគច្រើនត្រូវបានចាប់ខ្លួន ក្នុងឆ្នាំដំបូង នៃការវាយលុករបស់ទីក្រុងមូស្គូ នៅពេលដែលទាហានរុស្ស៊ីបានចូលជ្រៅ ទៅក្នុងប្រទេស។ ក្រុង Kyiv ក៏មានឈ្លើយសឹករុស្សី ជាច្រើននាក់ផងដែរ បើទោះជាចំនួននោះ ត្រូវបានគេជឿថា មានបរិមាណតិចជាង គួរឱ្យកត់សម្គាល់ ក៏ដោយ។

ភាគីជម្លោះទាំងពីរ បានផ្លាស់ប្តូរ អ្នកទោស ជាបន្តបន្ទាប់
តាំងពីការឈ្លានពាន របស់រុស្ស៊ី ជាងបីឆ្នាំមុន។ នៅក្នុងកិច្ចពិភាក្សា នាពេលថ្មីៗនេះ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ពួកគេបានយល់ព្រមដោះលែង ទាហានដែលរងរបួសយ៉ាងធ្ងន់ធ្ងរ, ឈឺ និងស្ថិតក្រោមអាយុ ២៥ឆ្នាំ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner