UN ៖ ជាង៥០០នាក់ស្លាប់អំឡុងចែកជំនួយរបស់មូលនិធិមនុស្សធម៌ហ្គាហ្សា ជាង១ខែ

បរទេស ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បាននិយាយថា មនុស្សជាង៥០០នាក់ ត្រូវបានសម្លាប់ អំឡុងពេលចែកចាយជំនួយនៃមូលនិធិមនុស្សធម៌ហ្គាហ្សា ហៅកាត់ GHF ចាប់តាំងពីចុងខែឧសភា ឆ្នាំ២០២៥មក ឬ ជាង១ខែមកនេះ។

អំឡុងសន្និសីទខ្លីមួយនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃសុក្រ លោកស្រី Ravina Shamdasani អ្នកនាំពាក្យ ការិយាល័យសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានលើកឡើងថា មនុស្សប្រហែល ៦១៣នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលចែកចាយជំនួយ នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីចុងខែឧសភា ក្នុងនោះ រួមមានទាំងមនុស្ស ៥០៩នាក់ នៅជិតទីតាំង របស់មូលនិធិមនុស្សធម៌ហ្គាហ្សា GHF ដោយបានចោទប្រកាន់ថា អាចមានពាក់ព័ន្ធ នឹងអ៊ីស្រាអែល។

លោកស្រី Ravina Shamdasani បានមានប្រសាសន៍ថា «វាច្បាស់ណាស់ថា យោធាអ៊ីស្រាអែលបានផ្លោងគ្រាប់ និងបាញ់ទៅលើជនជាតិប៉ាឡេស្ទីន ដែលព្យាយាម សម្រុកទៅដល់ទីតាំង ចែកចាយជំនួយ»។

យ៉ាណាមិញ អ៊ីស្រាអែលតែងតែបានចាត់ទុកថា មានពួកហាម៉ាស់ មកបន្លំយក ជំនួយទាំងនោះ។

អ៊ីស្រាអែលបានបើកការវាយលុករបស់ខ្លួន នៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបណ្តាលឱ្យមនុស្សចំនួន ជាង១ពាន់នាក់ បានស្លាប់ ភាគច្រើន គឺជាជនស៊ីវិល។

គីតត្រឹមថ្ងៃសុក្រ យុទ្ធនាការយោធាសងសឹក របស់អ៊ីស្រាអែល បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ជាង៥៧.១០០នាក់ នៅតំបន់ហ្កាហ្សា ដែលភាគច្រើន ជាជនស៊ីវិល នេះបើយោងតាមក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស់។ អង្គការសហប្រជាជាតិ ចាត់ទុក តួលេខទាំងនេះថា អាចជឿទុកចិត្ត បាន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner