អាជ្ញាធរជាតិអប្សរា ៖ ប្រាសាទបន្ទាយប្រី នឹងមានខ្លោងទ្វាដើរចូលឡើងវិញ បន្ទាប់ពីខ្លោងទ្វាបានបាក់រលំអស់ជាច្រើនសតវត្សរ៍មកហើយ
(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍នៅក្នុងតំបន់អង្គរ និងដើម្បីធានានូវសុវត្ថិភាពសំណង់ប្រា សាទ និងភ្ញៀវទេសចរផងនោះ បានកំពុងជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារទី២ ខាងកើតប្រាសាទបន្ទាយប្រី ឱ្យមានភាពរឹងមាំឡើងវិញ ។

ប្រាសាទបន្ទាយប្រី មានទីតាំងស្ថិតនៅខាងជើងប្រាសាទព្រះខ័ន ចម្ងាយ ១៨គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដែលបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្មនទី៧ ស្ថិតក្នុងរចនាបថបាយ័ន នាចុងសតវត្សរ៍ទី១២ សង់ពីថ្មភក់លាយថ្មបាយក្រៀម មានកំពែង៣ជាន់ ហ៊ុំព័ទ្ធដោយកសិន្ធុទឹក១ជាន់ ។

មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា បើទោះបីជា ប្រាសាទនេះស្ថិតក្នុងវង់ធំអង្គរ និងនៅជិតប្រាសាទព្រះខ័នក៏ដោយ ប៉ុន្តែមានទេសចរតិចណាស់ ដែលបានចូលទស្សនាប្រាសាទនេះ ។ បច្ចុប្បន្ន ដើម្បីអាចចូលទៅទស្សនាប្រាសាទនេះបាន ភ្ញៀវទេសចរណ៍ត្រូវដើរឆ្លងលើកំពែង ដោយសារខ្លោងទ្វាចូលនៃប្រាសាទបានដួលរលំបិទជិតដោយផ្ទាំងថ្ម ដែលនៅមិនទាន់មានផ្លូវអាចអនុញ្ញាតឲ្យភ្ញៀវទេសចរអាចដើរតម្រង់ចូលក្នុងប្រាសាទនៅឡើយទេ។ ដូច្នេះ ដើម្បីអាចឲ្យភ្ញៀវអាចដើរចូលតាមខ្លោងធ្វើបានដូចកាលពីជំនាន់ចុងសតវត្សរ៍ទី១២នោះវិញ គឺតម្រូវឲ្យស្តារៀបចំជួសជុលលើកផ្នែកដែលធ្លាក់ចុះឲ្យវារឹងមាំឡើងវិញ ។

លោក ជា សារិទ្ធ មន្រ្តីបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ប្រាប់ពីមូលហេតុសំខាន់ ៗមួយចំនួនទៀត ដែលអាជ្ញាធរជាតិអប្សរាត្រូវជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារទី២ ខាងកើតនៃប្រាសាទបន្ទាយប្រី
(លោក ជា សារិទ្ធ មន្រ្តីបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា )

លោក ជា សារិទ្ធ បានបញ្ជាក់ទៀតថា នេះជាដំណាក់កាលទី២ នៃគម្រោងជួសជុលខ្លោងទ្វារនេះ បន្ទាប់ពីដំណាក់កាលទី១ ធ្វើឡើងតាំងពីខែសីហា ឆ្នាំ២០២៤ ដោយក្នុងនោះបានសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធនឹងកិច្ចការមានកន្លងមកនៅប្រាសាទបន្ទាយប្រី។

លោកថា ការជួសជុលពង្រឹងខ្លោងទ្វារខាងកើតនេះ ក្រុមការងាររបស់លោក បានរើ និងរៀបថ្មឡើងវិញទាំងស្រុង ។ ពេលកំណាយសិក្សាគ្រឹះ គេប្រទះឃើញថ្មជញ្ជាំង និងដំបូល លើកលែងតែថ្មខឿន ដែលគេរកមិនឃើញ ប្រហែលគេដកយកទៅប្រើនៅទីតាំងផ្សេង ។ ម្ល៉ោះហើយពេលជួសជុលគេត្រូវជំនួសថ្មថ្មី ដើម្បីពង្រឹងរចនាសម្ពន្ធខឿនឱ្យរឹងមាំ ។ គិតត្រឹមចុងខែមិថុនា គម្រោងជួសជុលខ្លោងទ្វារទី២ខាងកើត កំពុងដំណើរការទៅមុខដោយរលូន និងរំពឹងថា អាចនឹងបញ្ចប់រួចរាល់នៅចុងខែវិច្ឆិកា ខាងមុខនេះ។
សូមបញ្ជាក់ថា ដោយសារកត្តាធម្មជាតិ អាយុកាលសំណង់ និងការរំខានដោយកត្តាមនុស្សគាស់កកាយជីករំលើងស្វែងរកវត្ថុមានតម្លៃផង បានធ្វើឱ្យសំណង់ប្រាសាទនេះមានការបាក់បែក និងដួលរលំជាច្រើន ដែលទាមទារឱ្យមានការសង្រ្គោះ និងជួសជុលពង្រឹងរចនាសម្ព័ន្ធឡើងវិញ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា
