តៃវ៉ាន់បង្កើតកងកម្លាំងប្រព័ន្ធរ៉ុកកែតបាញ់កាំភ្លើងធំ HIMARS ដំបូងបង្អស់
តៃប៉ិក ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់បានបង្កើតអង្គភាពយោធាមួយបំពាក់ដោយប្រព័ន្ធរ៉ុកកែតបាញ់កាំភ្លើងធំចម្រុះគ្រាប់ HIMARS ដំបូងបង្អស់ បន្ទាប់ពីបានទិញប្រព័ន្ធ HIMARS ចំនួន ២៩គ្រឿងពីអាមេរិក ក្នុងនោះ ១១គ្រឿងត្រូវបានផ្គត់ផ្គង់ដល់កោះតៃវ៉ាន់កាលពីឆ្នាំមុន។
រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ លោក Wellington Koo និយាយថា អង្គភាពយោធាបំពាក់ដោយប្រព័ន្ធរ៉ុកកែតបាញ់កាំភ្លើងធំ HIMARS ដែលផលិតដោយអាមេរិកនេះ បង្កើតឡើងប្រមូលផ្តុំដោយទាហានចាស់ និងទាហានថ្មីដែលទទួលបានការបណ្តុះបណ្តាលនៅអាមេរិក។
របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ប្រព័ន្ធ HIMARS ដែលអាមេរិកផលិតលក់ឱ្យកោះតៃវ៉ាន់ មានសមត្ថភាពអាចបាញ់មីស៊ីល GMLRS ដែលហោះក្នុងចម្ងាយដល់ទៅ ៨០គីឡូម៉ែត្រ និងកាំជ្រួច ATACMS ដែលហោះក្នុងចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ។
កាលពីពាក់កណ្តាលខែឧសភា យោធាតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រើប្រាស់ប្រព័ន្ធ HIMARS ជាលើកដំបូងនៅឯមូលដ្ឋានយោធាមួយកន្លែង។ ហើយប្រព័ន្ធ HIMARS នេះទៀតសោត ក៏ធ្លាប់ត្រូវបានតៃវ៉ាន់បាញ់សាកល្បងកាលពីខែមិថុនា ផងដែរ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិករបស់លោកប្រធានាធិបតី Donald Trump គឺលោក Mike Waltz បាននិយាយថា អាមេរិកចង់ពង្រឹងសមត្ថភាពការពារជាតិដល់កោះតៃវ៉ាន់ តាមរយៈការបំពាក់សម្ភារៈយោធា មានដូចជាប្រព័ន្ធមីស៊ីលចល័ត យន្តហោះដ្រូន និងបច្ចេកវិជ្ជាឃ្លាំមើលកម្រិតខ្ពស់ ដើម្បីបង្កើនសក្តានុពលប្រយុទ្ធរបស់កោះតៃវ៉ាន់ ចំពេលមានការគំរាមកំហែងប្រើកម្លាំងយោធាពីសំណាក់ប្រទេសចិន។
ទន្ទឹគ្នានេះ ប្រទេសចិនបានថ្កោលទោសការលក់សព្វាវុធរបស់អាមេរិកដល់កោះតៃវ៉ាន់ថា ជាការបង្កហេតុ និងអស្ថិរភាព។ ជាការឆ្លើយតប យោធាចិនបានបង្កើនការធ្វើសមយុទ្ធកងទ័ពជើងទឹក និងផ្លូវអាកាសជាញឹកញាប់នៅជុំវិញកោះតៃវ៉ាន់៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា
