លោក Lavrov ថា ណាតូជាការគំរាមកំហែងដោយផ្ទាល់ចំពោះរុស្ស៊ី
មូស្គូ ៖ ប្រមុខការទូតរុស្ស៊ីបានចេញមុខទទួលស្គាល់ថា អង្គការណាតូជាការគំរាមកំហែងដោយផ្ទាល់ចំពោះសន្តិសុខជាតិរុស្ស៊ី ក្រោយប៉ន់ប៉ងប្រែក្លាយអ៊ុយក្រែនទៅជាទីតាំងឈរជើងប្រឆាំងនឹងរុស្ស៊ី។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតហុងគ្រី Magyar Nemzet ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ការប៉ន់ប៉ងរបស់អង្គការណាតូ ប្រែក្លាយអ៊ុយក្រែនទៅជាទីតាំងឈរជើងប្រឆាំងនឹងរុស្ស៊ី បានសបញ្ជាក់ពីការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរុស្ស៊ី ហើយទីក្រុងមូស្គូគ្មានជម្រើសអ្វីផ្សេង ក្រៅពីចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងកៀវនៅឆ្នាំ២០២២នោះទេ។
លោក Lavrov បានលើកឡើងថា នៅឆ្នាំ២០២១ មុនការកើនឡើងជម្លោះអ៊ុយក្រែន, រុស្ស៊ីបានស្វែងរកការដោះស្រាយកង្វល់របស់ខ្លួនដោយស្នើសុំការធានាសន្តិសុខពីអាមេរិក និងអង្គការណាតូ ដោយសង្ឃឹមថា នឹងរក្សាស្ថានភាពមិនចូលបក្សសម្ព័ន្ធរបស់អ៊ុយក្រែន។
លោកថា គំនិតផ្តួចផ្តើមរបស់រុស្ស៊ីត្រូវបានច្រានចោល ផ្ទុយទៅវិញ ប្រទេសលោកខាងលិចបានបន្តដឹកជញ្ជូនសព្វាវុធទៅឲ្យអ៊ុយក្រែន ដើម្បីដោះស្រាយបញ្ហាដោយកម្លាំងបាយនៅតំបន់ Donbass និង Crimea ជាមួយរុស្ស៊ី។
ជាងនេះទៅទៀត ប្លុកយោធាដែលដឹកនាំដោយអាមេរិកនេះ ក៏កំពុងពង្រីកខ្លួនឆ្ពោះទៅកាន់ព្រំដែនរុស្ស៊ីជាច្រើនឆ្នាំមកហើយ ហើយក៏កំពុងប្រែក្លាយអ៊ុយក្រែនទៅជាមូលដ្ឋានយោធាទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសរុស្ស៊ីផងដែរ។
លោក Lavrov បានគូសបញ្ជាក់ថា ការលេចឡើងនៃមូលដ្ឋានយោធាណាតូនៅអ៊ុយក្រែន តំណាងឱ្យការគំរាមកំហែងភ្លាមៗ ចំពោះសន្តិសុខជាតិរបស់រុស្ស៊ី ហើយស្ថានភាពបែបនេះ ជារឿងមិនអាចទទួលយកបានឡើយសម្រាប់រុស្ស៊ី។
ប្រមុខការទូតរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ដំណោះស្រាយជាប់លាប់ គឺមិនអាចទៅរួចទេ បើសិនគ្មានការដោះស្រាយពីមូលហេតុនៃជម្លោះ រួមទាំងការបដិសេធមហិច្ឆតារបស់អ៊ុយក្រែនចង់ចូលណាតូ, ការធានាស្ថានភាពសិទ្ធិមនុស្សនៅអ៊ុយក្រែន និងការទទួលស្គាល់ដែនដីថ្មី ដែលរុស្ស៊ីដាក់បញ្ចូលពីសំណាក់អន្តរជាតិ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា