ស្ថានទូតអាមេរិក ចូលរួមអបអរសាទរខួបលើកទី១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទ​ព្រះវិហារកម្ពុជា ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានចូលរួមអបអរសាទរខួបលើក​ទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ថ្ងៃទី៧ កក្កដា កាលពី១៧ឆ្នាំមុន ប្រាសាទព្រះវិហាររបស់ខ្មែរ ត្រូវអង្គការយូណេស្កូ បានទទួលស្គាល់ និងសម្រេចដាក់បញ្ចូលជាបេតិភណ្ឌខ្មែរ និងពិភពលោក ដែលបានចាជាប្រវត្តិសាស្រ្តថ្មីមួយទៀត គិតចាប់តាំងពីកម្ពុជាទទួលបានប្រាសា​ទ​នេះ ក្រោយការឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋ និងឯកជនជាច្រើននៅទូទាំងប្រទេស បានចូលរួមថ្លែងសារអបអរសាទរខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន នៅថ្ងៃនេះយ៉ាងគគ្រឹកគគ្រេង ផងដែរ។

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមានទីតាំង លាតសន្ធឹង នៅលើខ្ពង់រាបនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបនឹងកម្ពស់ទឹកសមុទ្រ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ប្រាសាទព្រះវិហារខ្មែរ មិនត្រឹមតែជាប្រាសាទដែលសាងឡើងថ្មភ្នំប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្នាដៃដ៏អស្ចារ្យនៃអរិយធម៌ខ្មែរ ដែលបានបង្កប់នូវទឹកដៃស្ថាបត្យកម្ម ជំនឿ សិល្បៈ រចនាសម្ព័ន្ធ និងនគរូបនីយកម្ម ដែលជាផ្នែកមួយនៃវប្បធម៌ជាតិ ដែលត្រូវបានគេទទួលស្គាល់ជាសកល ។

ប្រាសាទព្រះវិហារ ជាប្រាសាទដែលកសាងឡើងឲ្យមាននូវវិហារជាច្រើន តភ្ជាប់ដោយប្រព័ន្ធកម្រាលថ្ម និងជណ្តើរមានប្រវែងប្រហែល ៨០០ម៉ែត្រ និងសាងសង់ឲ្យអាចមើលឃើញនូវភូមិសាស្រ្តតំបន់ជួរភ្នំដងរែក ៣៦០ដឺក្រេ ។ ប្រាសាទនេះផ្តើមកសាងនៅសតវត្សទី៩ ដោយព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) ហើយស្តេចក្រោយៗ ក៏បានជួសជុល និងធ្វើបន្តរហូត ដល់សតវត្សរ៍ទី១២ ។

ប្រាសាទព្រះវិហារ គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទបុរាណខ្មែរជាច្រើន ដែលប្រទេសថៃតែងចិញ្ចឹមចិត្តស្រមៃចង់បានធ្វើជាកម្មសិទ្ធិរបស់គេ ។ ប្រវត្តិសាស្រ្តបានសរសេរថា បន្ទាប់ពីកម្ពុជាទើបទទួលបានឯករាជ្យភាពពីបារាំង ដែលបានដាក់នឹមអាណានិគមនិយមមកលើកម្ពុជា នៅឆ្នាំ១៩៥៤ ប្រាសាទព្រះវិហាររបស់ ត្រូវថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធជាច្រើន ចូលមកកាន់កាប់ប្រាសាទព្រះវិហារ ។

សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ និងដេញកងកម្លាំងប្រដាប់អាវុធរបស់ថៃ ឱ្យចាកចេញពីប្រាសាទព្រះវិ ហារ ។
ក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យ និងដោយគ្មានដំណោះស្រាយ រដ្ឋាភិបាលកម្ពុជាបានដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិនៅទីក្រុងឡាអេ នៅឆ្នាំ១៩៦០ ។ ដំណើរការក្តីនេះ ប្រព្រឹត្តទៅអស់ពេល៣ឆ្នាំ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ទើបតុលាការអន្តរជាតិប្រកាសសាលក្រម ប្រគល់ប្រាសាទព្រះវិហារមកឲ្យកម្ពុជាវិញ ។

នៅឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កាលណោះ បានប្រឹងប្រែងយ៉ាងស្វិតស្វាញ និងអង់អាចជាទីបំផុត ក្នុងការស្នើដាក់ ប្រាសាទព្រះវិហារចូលបេតិកភណ្ឌពិភពលោក ប៉ុន្តែត្រូវថៃជំទាស់ ។ ទោះមាន ភាពចម្រូងចម្រាស់ក្តី ក៏កម្ពុជានៅតែជំនះដាក់ចូលដដែល គឺនៅសម័យ ប្រជុំអង្គការ UNESCO លើកទី៣២ នៅទីក្រុងកេបិក ប្រទេស កាណាដា ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៨ ដោយសម័យប្រជុំបានអនុម័ត ទទួលយកប្រាសាទព្រះ វិហារចូលជាសម្បត្តិបេតិកភណ្ណពិភពលោកតាមសំណើរកម្ពុជា ៕

អត្ថបទ ៖ គង់ សុផុល
វីដេអូ ៖ ឯកសារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner