មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការបញ្ជាការដ្ឋានរដ្ឋធានីហាណូយ វៀតណាម ជួបសំណេះសំណាល និងពិភាក្សាការងារ
អគ្គមេបញ្ជាការរងកងយោធនពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាលពីថ្ងៃ១៥ឧសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកកម្ពុជា ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយមេបញ្ជាការ បញ្ជាការដ្ឋានរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ ង្វៀន ហុងថៃ (NGUYEN HONG THAI) នាទីក្រុងហាណូយប្រទេសវៀតណាម។
ក្នុងជំនួវនោះ លោកឧត្តមសេនីយ៍ ង្វៀន ហុងថៃ (NGUYEN HONG THAI) បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងគណៈប្រតិភូនៃកងទ័ពជើងគោកកម្ពុជា។ ឯកឧត្តម ង្វៀន ហុងថៃ បានលើកឡើងថា ទំនាក់ទំនងវៀតណាម-កម្ពុជា ជាទំនាក់ទំនងមិត្តភាពដ៏យូរលុងមកហើយ។ ឧត្តមសេនីយ៍ត្រីបានថ្លែងសង្ឃឹមថា ទំនាក់ទំនងដ៏ល្អរវាង ប្រទេសទាំង២ នឹងពង្រឹង និងពង្រីកបន្តទៅថ្ងៃអនាគត។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការធ្វើបទបង្ហាញរបស់បញ្ជាការ បញ្ជាការដ្ឋានរដ្ឋធានីហាណូយ។ លោកបាន បញ្ជាក់ថាដំណើរទស្សនកិច្ចនោះ គឺសបញ្ជាក់ពីមិត្តភាពគ្រប់ជ្រុងជ្រោយរបស់កងទ័ពនៃប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមនាថ្ងៃ១៥ឧសភានោះផងដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបប្រជុំ និងពិភាក្សាការងារជាមួយនឹង អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ ង្វៀន តាន់គឿង (NGUYEN TAN CUONG) ។ កិច្ចប្រជុំរវាងភាគីទាំងពីរបានធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រួមគ្នានិងការអភិវឌ្ឍ។ ក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ទោ ង្វៀន តាន់គឿង សម្តែងការអបអរសាទរជូនលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងជាមេបញ្ជាការកងទ័ពជើងគោកនាពេលថ្មីៗ។ លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា លោកជឿជាក់ថាក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ ទំនាក់ទំនងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ នឹងកាន់តែភាពរឹងមាំ និងពង្រីកបន្ថែមទៀត។ លោកបានបន្តថា កងទ័ពប្រជាជនវៀតណាម នឹងបន្តជួយគាំទ្រដល់កងយោធពលខេមរភូមិន្ទ ក្នុងការកសាងសមត្ថភាពយោធិន ការកសាងហេដ្ឋា រចនាសម្ព័ន្ធជារូបវ័ន្តក្នុងវិស័យការពារជាតិ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបលោក និងគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ លោកបានបន្តថា ទំនាក់ទំនងកងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម ជាទំនាក់ទំនងប្រវត្តិសាស្រ្ត ហើយលើសពីនេះទៀត ប្រទេសទាំងពីរ ជាប្រទេសភូមិផងរបរជាប់គ្នា។ មេបញ្ជាការកងទ័ពជើងគោក បញ្ជាក់ថា កងទ័ពនៃប្រទេសទាំងពីរ ដើរតួនាទីយ៉ាងសំខាន់ក្នុងរក្សាសន្តិភាព ស្ថេរភាពតាមបណ្តោយព្រំដែន ដែលបង្កើតបានជាព្រំដែនដែលមានការអភិវឌ្ឍ តាមគោលការណ៍របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕ម.ន