អ្នកវិនិយោគនៅវៀតណាមបង្ហាញក្តីកង្វល់លើសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន កើនឡើងកម្តៅឡើងវិញ
សហគ្រាសវៀតណាមជាច្រើនកំពុងតាមដាមយ៉ាងដិតដល់ចំពោះសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន ដែលកំពុងឡើងកម្តៅ ហើយបានបង្ហាញក្តីកង្វល់អំពីផលប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម នៅថ្ងៃទី១៧ ឧសភានេះ។
សារព័ត៌មាន Vietnamnews បានចេញផ្សាយថា ថ្មីៗនេះ អាម៉េរិកបានសម្រេចដំឡើងពន្ធលើមុខទំនិញចិន តម្លៃ២០០ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ កើនពី១០ទៅ២០ភាគរយ ហើយបានចាប់ផ្តើមដំណើរការដំឡើងពន្ធតម្លៃ៣០០ពាន់លានដុល្លារអាម៉េរិកដោយឡែកមួយទៀត លើមុខទំនិញចិននាំចូលទៅអាម៉េរិកដែរ។ ជាការសងសឹកនោះ ចិនក៏បានប្រកាសពីការដំឡើងពន្ធលើផលិតផលអាម៉េរិកនាំចូលមកចិន រាប់ពាន់មុខផងដែរ។
លោក Pham Hai Long អគ្គនាយកក្រុមហ៊ុន Argex Saigon Foodstuffs JSC ដែលនាំចេញអាហារសមុទ្រទៅអាម៉េរិក និងនាំចូលទំនិញពីចិនដែរនោះ បានប្រាប់ថា ការបន្ថយតម្លៃលុយយ័នចិន និងករណីលុយដុល្លារអាម៉េរិកប្រឆាំងនឹងរូបិយបណ្ណផ្សេងៗលើពិភពលោក ព្រមទាំងភាពមិនទៀងទាត់នៃអត្រាប្តូរប្រាក់ដុល្លារអាម៉េរិក និងប្រាក់ដុងបានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុននាំចេញក្នុងស្រុកទាំងអស់។ លោកថា «ក្រុមហ៊ុននាំចេញរបស់វៀតណាមចំណេញពីការធ្លាក់តម្លៃប្រាក់ដុង ប៉ុន្តែប្រសិនបើអត្រាប្តូរប្រាក់កើនឡើងខ្លាំងនោះ ក្រុមហ៊ុននាំចូលនឹងត្រូវតែទូទាត់តម្លៃខ្ពស់ ប៉ះពាល់ដល់តម្រូវការ និងសហគ្រាសវៀតណាត»។
យ៉ាងណាក៏ដោយ លោកថា អ្វីដែលសំខាន់គឺថា ឥឡូវនេះ រដ្ឋាភិបាលវៀតណាមមិនបណ្តោយឲ្យធ្លាក់ឬចុះតម្លៃខ្លាំងពេកទេ។ ជាមួយគ្នាដែរ លោក Pham Ngoc Hung អនុប្រធានសមាគមធុរកិច្ចក្រុងហូជីមីញ បាននិយាយថា វៀតណាមគួរតែចំណេញពីការកើនឡើងកម្តៅនៃសង្គ្រាមពាណិជ្ជកម្មនេះ រួមមានទាំងបណ្តាក្រុមហ៊ុននាំចេញផងដែរ៕ម.ន