អាវុធហត្ថខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយអប់រំការងារនយោបាយ និងចិត្តសាស្ត្រ

នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ មានបើកវគ្គផ្សព្វផ្សាយការងារ នយោបាយ ចិត្តសាស្ត្រ និងសភាពការណ៍វិវត្តន៍ថ្មីៗ ឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការ បញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ បញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងនៃកង រាជអាវុធហត្ថខេត្ត សរុបចំនួន២០៥នាក់ចូលរួម។

ក្នុងកិច្ចស្វាគមន៍របស់លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលការងារដែលកងរាជអាវុធហត្ថខេត្តសៀមរាប អនុវត្តបាននៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ទៅលើការងារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ក្នុងការធានានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និង ភ្ញៀវជាតិ-អន្តរជាតិ ចូលមកកាន់ខេត្តសៀមរាប សំខាន់លើការងារសន្តិសុខទេសចរណ៍។ ក្នុងនោះដែរលោកបានលើកផងដែល អំពីការការពង្រឹង ពង្រីកសមត្ថភាពដល់កងកម្លាំង រាជអាវុធហត្ថខេត្ត និងការបណ្តុះបណ្តាល អំពីយុទ្ធសាស្ត្រ និងចិត្តសាស្ត្រ ព្រមទាំងបង្កើនការហ្វឹកហ្វឺនដល់កងកម្លាំងជាប្រចាំ ដល់កងកម្លាំង និងការកសាងអង្គភាព រួមទាំងការដាំដុះដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើមី្បទ្រទ្រង់ដល់ជីវភាពកងទ័ព និង គ្រួសារទ័ព សំខាន់ លើបញ្ហាសុខភាព  ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ  បានលើកឡើងនៃគោលបំណងវគ្គផ្សព្វផ្សាយនយោបាយចិត្តសាស្ត្រ ជូនដល់កងកម្លាំងរាជអាវុធហត្ថខេត្តនាពេលនេះ គឺដើមី្បបង្កើននូវចំណេះដឹង ដល់នាយ និងពលទាហានទាំងអស់ ឲ្យបានយល់ច្បាស់អំពីស្ថានភាព និងសភាពការណ៍ថ្មីៗក្នុង និងក្រៅប្រទេស សំខាន់អំពីសភាពការណ៍នយោបាយនៅលើសកលលោកនាពេលបច្ចុប្បន្ននេះ។  ក្នុងវគ្គផ្សព្វផ្សាយនេះ លោកឧត្តមសេនីយ៍ឯក ក៏បានលើកឡើងអំពីចិត្តសាស្ត្រ និង នយោបាយ យកមកធ្វើការពន្យល់ និងបង្ហាញណែនាំជូនដល់កងកម្លាំងរាជអាវុធហត្ថទាំងអស់ឲ្យបាន កាន់ តែជ្រាបច្បាស់ ព្រមទាំងនឹងធ្វើការបញ្ជាក់អំពីចិត្តសាស្ត្រ និងសង្គមសាស្ត្រផងដែរ។ លោកក៏បានលើកផងដែរ អំពីសភាពការណ៍នយោបាយនៅកម្ពុជា បានកំពុងមានការអភិវឌ្ឍរីកចម្រើនទៅមុខ ដោយឈរលើមូលដ្ឋានសេដ្ឋកិច្ចច្បាស់លាស់របស់ប្រទេស និងការវិវត្តកាន់តែទៅមុខទៀតផង។ 

សមទ្ធិផលទាំងនេះ គឺស្តែងចេញឡើងពីកត្តាសន្តិភាព ដែលធ្វើឲ្យប្រទេសជាតិយើង មានឱកាស និង មានកលានុវត្តភាព ឈានទៅការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ  ក៏បានធ្វើការក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវបង្កើនយកចិត្តទុកដាក់ ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញឡើងពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងគោរពឲ្យខាងតែបាននូវបទបញ្ជារបស់កងយោធពលខេមរភូមិន្ទ ក៏ដូចបទបញ្ជាការរបស់ប្រមុខរាជរដ្ឋាភិបាល និងត្រូវបង្កើនការយកចិត្តទុកដាក់រាល់សភាពការណ៍ផ្សេងៗ ដែលបានបំពុលសង្គម នៅតាមប្រព័ន្ធផ្សព្វផ្សាយ គេហទំព័រ ដែលបង្កឲ្យមានអសន្តិសុខក្នុងសង្គម។ ដូច្នេះមន្រ្តីកងទ័ពទាំងអស់ នៅក្នុងអង្គភាពចំណុះទាំងអស់ គឺត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ពេលវិនាទី មិនត្រូវធ្វេសប្រហែសនោះឡើយ ក៏ត្រូវពង្រឹងដល់កងកម្លាំង លើការហ្វឹកហ្វឺន រៀនសូត្រនូវចិត្តសាស្ត្រ យុត្តិវិធីរបស់កងទ័ពនៅតាមអង្គភាពរបស់ខ្លួន។ ម៉្យាងទៀតកងកម្លាំងទាំងអស់ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សា ស្វែងយល់ ការបណ្តុះបណ្តាល ព្រមទាំងបង្កើនការហ្វឹកហ្វឺនឲ្យបានជាប្រចាំ និងត្រូវនាំនូវចំណេះដឹងដែលខ្លួនទទួលបានពីការវគ្គផ្សព្វផ្សាយនាពេលនេះ យកទៅធ្វើការផ្សព្វផ្សាយបន្តដល់កងកម្លាំងក្នុងអង្គភាពរបស់ខ្លួន និងឲ្យបានកាន់តែចូលជ្រៅទៅដល់មូលដ្ឋានផងដែរ៕ម.ន ដោយៈ ម៉ី សុខារិទ្ធ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner