កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តបាត់ដំបង សហការគ្នារៀបចំព្រឹត្តិការណ៍ ម=ម ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់
(បាត់ដំបង)៖ កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តបាត់ដំបង សហការគ្នារៀបចំព្រឹត្តិការណ៍ ម=ម (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ) ចូលរួមក្នុងក្បួនជិះកង់ ម៉ូតូ រ៉ឺម៉ក និងរថយន្ត ដោយប្រើគ្រឿងឧគ្ឃោសនស័ព្ទ ដើម្បីផ្សព្វផ្សាយពីសារ របស់(ម=ម ឬ U=U) នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។
ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងដោយក្តីសោមនស្សរីករាយដោយបានចូលរួមក្នុងព្រឹត្តិការណ៍ មស្មើម ជាលើកទី២ ក្នុងឆ្នាំ២០២៥នេះ បន្ទាប់ពីបានធ្វើលើកទី១ កាលពីខែឧសភាកន្លងទៅនៅមុខប្រាសាទអង្គរវត្ត។
លោកជំទាវ បានគូសបញ្ជាក់ពីគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីកាត់បន្ថយការរើសអើង និងមាក់ងាយទៅលើបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ក្នុងសហគមន៍ ដែលជាសារមួយជួយជំរុញលើកទឹកចិត្ត ក្នុងការមកទទួលសេវាព្យាបាលជាប់លាប់ ដោយឱសថប្រឆាំងមេរោគអេដស៍ ជំរុញការមកធ្វើតេស្តឈាមនិងឆាប់ទទួលបានការព្យាបាល ដោយលើកកម្ពស់សិទ្ធិនិងការយល់ដឹងពីបញ្ហាមេរោគអេដស៍ ដល់ស្រទាប់មហាជន និងក្រុមប្រឈមមុខខ្ពស់ ។
ក្នុងន័យនេះ បើនិយាយពីការមិនរើសអើង, គឺយើងមានព្រះរាជគំរូវីរភាពរបស់ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង, សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជកម្មវិធីជួបជាមួយអ្នកផ្ទុកមេរោគអេដស៍ ហើយជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ទាប់ពីបានទទួលគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ២០០៦រៀងមក គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែមានសកម្មភាពនៅតាមសហគមន៍ រោងចក្រ សហគ្រាស រួមជាមួយការចលនាឱ្យមានការបង្កើតច្បាប់អេដស៍នៅកន្លែងបំពេញការងារ និងជាគំរូនៃការមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ដែលសកម្មភាពទាំងអស់នេះត្រូវបានទទួលស្គាល់គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ព្រឹត្តិការណ៍នេះ ពិតជាមានអត្ថន័យ និងខ្លឹមសារខ្លាំងណាស់ដែលយើងសម្រេចយកខេត្តបាត់ដំបង ជាទីកន្លែងសម្រាប់ប្រារឰព្រឹត្ដិការណ៍ មស្មើម ហើយជាពិសេសការដង្ហែក្បួនឆ្ពោះទៅកាន់ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាទីតាំងធ្លាប់កើតមានសោកនាដកម្មនៃការឆ្លងរាលដាលនៃមេរោគអេដស៍កាលពីឆ្នាំ២០១៤ និងធ្លាប់និយាយថា «ថ្ងៃលិចនៅភូមិរកា»នោះ ជាការបង្ហាញដល់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ មើលឃើញនិងកែប្រែឱ្យក្លាយទៅជា «ថ្ងៃរះនៅភូមិរកា» វិញ។
ទន្ទឹមនឹងនេះ លោកជំទាវក៏បានអំពាវនាវដល់បង-ប្អូនដែលរស់នៅជាមួយមេរោគអេដស៍ សូមបន្តការយកចិត្តទុកដាក់លេបឱសថប្រឆាំងមេរោគអេដស៍ ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ និងមកជួបគ្រូពេទ្យតាមការកំណត់ ដើម្បីពិភាក្សាតាមដានសុខភាពឱ្យបានច្បាស់លាស់ ព្រោះភស្តុតាងវិទ្យាសាស្ត្របានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា៖ អ្នករស់នៅជាមួយមេរោគអេដស៍ ដែលលេបថ្នាំបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ នឹងសម្រេចបាន (ម ស្មើ ម), នោះគឺ មានន័យថា៖
- អ្នកមិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ
- អ្នកអាចមានគ្រួសារ មានកូនដូចមនុស្សធម្មតា
- អ្នកមានសុខភាពល្អ អាចប្រឆាំងបានទៅនឹងជំងឺផ្សេងៗ
- អ្នកនឹងមានទំនុកចិត្តលើខ្លួនឯង និងកាត់បន្ថយការរើសអើងលើខ្លួនឯង។
លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមកុំមានការរើសអើង ឬមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍ ហើយចំពោះយុវជនជំនាន់ក្រោយសូមមានការប្រុងប្រយ័ត្ន ត្រូវបង្ការខ្លួនកុំឱ្យឆ្លងមេរោគអេដស៍ ព្រោះថា «យើងអាចភ្លេចអេដស៍ ប៉ុន្តែអេដស៍មិនភ្លេចយើងទេ!» ៕







ដោយ / គ្រី សម្បត្តិ