ព្រះសង្ឃ និងពុទ្ធបរិស័ទនៅវត្តដំណាក់ ប្រារព្ធអាសាឍបូជា​ឬអាសាឡ្ហាបូជា និងចូលព្រះវស្សា

សៀមរាប៖ នៅក្រុងសៀមរាបនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២៥ ត្រូវនឹងថ្ងៃ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ព្រះសង្ឃ អាចារ្យគណៈកម្មការវត្តដំណាក់ និង​បរិស័ទជិតឆ្ងាយបានរៀបចំពិធីបុណ្យអាសាឍបូជា ឬ អាសាឡ្ហ​បូជា រួមជាមួយពិធីចូលព្រះវស្សាផង ដោយមានការនិមន្ត ការ​ដើរព្យុហយាត្រាជាផ្លូវការនៅក្នុងក្រុងសៀមរាប ដូចបែបបុណ្យ​មាឃបូជា និងវិសាខបូជា។នេះជាកម្មវិធីដំបូងបង្អស់​ក្នុងព្រះរាជា​ណាចក្រកម្ពុជា។

ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ចៅអធិការវត្តដំណាក់មាន​ថេរដីកាថា កន្លងមកវត្តដំណាក់បានជោគជ័យក្នុងការរៀប​ចំបុណ្យពុទ្ធធម៌ធំៗ ដូចជា វិសាខបូជា និងមាឃបូជាដោយ​មានការចូលរួមយ៉ាងច្រើនកុះករពីព្រះសង្ឃ ពុទ្ធបរិស័ទជិត
ឆ្ងាយ។ចំណែកការរៀបចំកម្មវិធីអាសាឍបូជាឬអាសាឡ្ហបូជា លើកនេះ គឺដើម្បីផ្សព្វផ្សាយឱ្យពុទ្ធបរិស័ទ​ជាតិខ្មែរបានស្គាល់ និងចូលរួមក្នុងបុណ្យនេះ។

សូមជម្រាបថា នៅក្នុងសម័យពុទ្ធកាលមានហេតុការណ៍​សំខាន់​កើតឡើង៤ប្រការប្រារព្ធដល់អាសាឍបូជា ឬអាសាឡ្ហបូជា ជាថ្ងៃពេញបូណ៌មី ១៥ កើតខែអាសាឍ ក្នុងហេតុសំខាន់៤​យ៉ាងគឺ ៖១. ថ្ងៃព្រះពោធិសត្វចុះកាន់គក៌នៃព្រះមាតា, ២. ថ្ងៃ​ព្រះអង្គចេញសាងមហាភិនេស្ក្រមណ៍,៣. ថ្ងៃទ្រង់សម្តែងធម្មចក្ក​ប្បវត្តនសូត្រនិង៤. ថ្ងៃទ្រង់សម្តែង​យមកប្បាដិហារ្យ ។

ព្រះគ្រូធម្មវិសុទ្ធិរង្សី មានថេរដីកាទៀតថា ក្រៅពីនេះថ្ងៃ១៥កើត​ខែអាសាឍ ក៏ជាថ្ងៃធ្វើបុណ្យប្រគេនភត្ត និងសំពត់ងូត​ទឹកផង​ដែរ។ពិធីចូលព្រះវស្សា ត្រូវបានចាប់ផ្ដើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ។ បងប្អូនពុទ្ធបរិស័ទ បាននាំគ្នា​ហែទៀនវស្សា សាដក សំពត់ និងសម្ភារៈផ្សេងៗ ជុំវិញព្រះវិហារ បន្ទាប់មក​ស្តាប់ធម៌ និងវេរទៀនវស្សាប្រគេនព្រះសង្ឃ។

នៅព្រឹកថ្ងៃទី ១រោច ខែអាសាឍ មានការប្រគេនយាគូនិង​បង្អែម​ដល់ព្រះសង្ឃ។ រយៈពេល ៣ខែជាប់ៗគ្នា ដែលហៅថា ព្រះវស្សា ក៏ជាឱកាសសម្រាប់សង្ឃបន្តសិក្សាធម៌ និងសិក្សាវិន័យ​យ៉ាងខ្ជាប់​ខ្ជួន។ទៀនព្រះវស្សាត្រូវបានដុតបំភ្លឺ​រយៈពេល​បីខែដើម្បីប្រើប្រាស់​ក្នុងព្រះវិហារពេលយប់ផងដែរ៕

ដោយ​៖ប៊ុន​រដ្ឋា

ads banner