លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងពិធីចុះហត្ថលេខាលើ លិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅ អាស៊ីអា គ្នេយ៍

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិ​បត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ច​ប្រជុំរដ្ឋមន្ត្រី​ការបរទេសអាស៊ានលើកទី៥៨ ដឹកនាំដោយ ឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី និងពិធីចុះហត្ថលេខា​លើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្តីពីមិត្តភាព និង សហប្រតិបត្តិការនៅ​អាស៊ីអាគ្នេយ៍ ដោយអាល់ហ្សេរី និងអ៊ុយរូហ្គាយ នៅទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេ​ស៊ី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ រដ្ឋមន្ត្រីការបរទេសបាន​ពិភាក្សា​អំពី​កិច្ចខិតខំកសាងសហគមន៍អាស៊ាន និងវឌ្ឍនភាពក្នុងការ សម្រេចបាននូវអាទិភាព និងលទ្ធផលសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្នាំ២០២៥ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព”។ កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរ អំពីរបាយការណ៍សង្ខេប​ដោយក្រុម​ការងារ ភូមិសាស្ត្រសេដ្ឋកិច្ចអាស៊ាន (AGTF) ដែលបានគូសបញ្ជាក់ពីតម្រូវ​ការជា​បន្ទាន់​សម្រាប់អាស៊ាន ក្នុងការ ឆ្លើយតបជាយុទ្ធសាស្ត្រចំពោះទិដ្ឋភាពភូមិសាស្ត្រ​សេដ្ឋកិច្ចសកលដ៏ស្មុគស្មាញ។ ក្នុងន័យនេះ កិច្ចប្រជុំ បានចូលរួមក្នុងការអំពាវនាវ​ឱ្យពង្រឹងភាពធន់ក្នុងតំបន់ តាមរយៈការលើកកម្ពស់ពាណិជ្ជកម្មក្នុងអាស៊ាន ការ​សម្រប​សម្រួល​អន្តរសសរស្តម្ភក្នុងការរៀបចំគោលនយោបាយ ការចូលរួមពី​វិស័យ​ឯកជន និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (FTAs) ជាពិសេសភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

កិច្ចប្រជុំក៏បានស្វាគមន៍ផងដែរ ចំពោះចំណាប់អារម្មណ៍កាន់តែច្រើនឡើង​ក្នុងការ​ចូល​រួមជាភាគី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃសន្ធិសញ្ញា TAC ដើម្បីលើកកម្ពស់​សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុង តំបន់ ហើយទន្ទឹងរង់ចាំការប្រារព្ធ​ខួបអនុស្សាវរីយ៍លើកទី៥០ របស់សន្ធិសញ្ញា TAC នៅឆ្នាំ ២០២៦ ក្រោមភាពជា​ប្រធានអាស៊ានរបស់ហ្វីលីពីន។ ជាមួយនឹងការអនុម័តនូវគោលការណ៍ ណែនាំ ដើម្បីសម្រួលដល់ការចូលជាសមាជិករបស់ទីម័រឡេស្តេក្នុងលិខិតូបករណ៍គតិយុត្តអាស៊ាន កិច្ចប្រជុំបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រទីម័រឡេស្តេ ចូលជា​សមាជិកពេញសិទ្ធិ របស់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅខែ​តុលា ក្នុងឆ្នាំនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើយន្តការដឹកនាំ​ដោយអាស៊ាន ឱ្យអស់លទ្ធភាពដើម្បីជាវេទិកាគន្លឹះសម្រាប់ការកសាងទំនុកចិត្ត និង​ការចូលរួមក្នុងន័យស្ថាបនា ជាមួយដៃគូខាងក្រៅ និងភាពបន្ទាន់ក្នុងការជំរុញ​ពាណិជ្ជកម្ម​ក្នុងអាស៊ាន និងសមាហរណកម្មក្នុងតំបន់ ឱ្យកាន់តែស៊ីជម្រៅ ជាពិសេស​តាមរយៈការទាញយកកាលានុវត្តភាពពីវិស័យដែលកំពុងលេចឡើងថ្មីៗ ដូចជា វិស័យ​ឌីជីថលនិងសេដ្ឋកិច្ចបៃតង ខ្សែច្រវាក់ផ្គត់ផ្គង់ និងនវានុវត្តន៍។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុង​ការ​ជួយសម្រួលដល់ទីម័រឡេស្តេចូលជាសមាជិក ពេញសិទ្ធរបស់អាស៊ាន តាមរយៈ​ការកសាងសមត្ថភាព និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីឱ្យ ទីម័រ​ឡេស្តេមាន​លទ្ធភាពរួមចំណែកយ៉ាងសកម្មក្នុងនាមជាសមាជិកទី១១ របស់​អាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ចប់ដោយរំលឹកឡើងវិញ ពីការគាំទ្ររបស់​កម្ពុជា​ចំពោះ តួកគីយ៉េក្នុងការក្លាយជាដៃគូសន្ទនាអាស៊ាន ដោយសង្កត់ធ្ងន់លើ​សារៈ​សំខាន់នៃការពង្រឹងទំនាក់ ទំនងខាងក្រៅរបស់អាស៊ាន និងការចូលរួមជា​សកល​ក្នុងការលើកស្ទួយសន្តិភាព ស្ថិរភាព និងវិបុល ភាពតំបន់។

នៅក្នុងសម័យប្រជុំចង្អៀត កិច្ចប្រជុំបានពិភាក្សាពីការតាមដានការវាយតម្លៃ និងសេចក្តី សម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្តីពីការអនុវត្តកិច្ច​ព្រមព្រៀ​ងជាឯកច្ឆន្ទ៥ចំណុច (5PC)។ កិច្ចប្រជុំបានបញ្ជាក់សាជាថ្មីពីសារៈសំខាន់​នៃ​មជ្ឈភាព និងសាម្គីភាពអាស៊ាន ក្នុងការពង្រឹង ការឆ្លើយតបរួមរបស់អាស៊ាន​ចំពោះបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក រួមទាំងតាមរយៈការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ។

ពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និង​សហប្រតិ​បត្តិ​ការ នៅអាស៊ីអាគ្នេយ៍ (TAC) ។

ក្នុងឱកាសកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស​អាស៊ាន​ផ្សេង ទៀត បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតូបករណ៍​ចូលជាភាគីនៃសន្ធិសញ្ញា TAC ដោយអាល់ហ្សេរី និងអ៊ុយរូហ្គាយ ។ ឯកឧត្តម Ahmed ATTAF រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី និងឯកឧត្តម Mario LUBETKIN រដ្ឋមន្ត្រីការបរទេសអ៊ុយរូហ្គាយ បានអះអាងពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះគុណតម្លៃ និងគោលការណ៍របស់អាស៊ាន ចំពោះសន្តិសហវិជ្ជមានការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការមិត្តភាពនៅតំបន់អាស៊ីអាគ្នេយ៍ ។

មុនពេលចូលរួមកិច្ចប្រជុំអាស៊ាននានាខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួមអាហារការងារពេលព្រឹកជាមួយឯកឧត្តម Thongsavanh PHOMVIHANE រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង ឯកឧត្តម BUI Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាគ្នាលើការធ្វើឱ្យកាន់តែ ស៊ី​ជម្រៅ​បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner