លទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់ អាស៊ី អាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញចូលរួមជំនួបរវាងរដ្ឋមន្ត្រី ការបរទេសអាស៊ានជាមួយតំណាង​គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំ​គណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) នៅ ទីក្រុង​គូឡា​ឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ។

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុក សិទ្ធិមនុស្ស៖ កិច្ចប្រជុំបានកត់សម្គាល់លើរបាយការណ៍ប្រចាំ​ឆ្នាំ២០២៥ (ពីខែកក្កដា ឆ្នាំ២០២៤ ដល់ ខែមិថុនា ឆ្នាំ២០២៥) របស់ AICHR និងបានឯកភាពលើកម្មវិធី/សកម្មភាពអាទិភាពរបស់ AICHR សម្រាប់ឆ្នាំ២០២៦។ កិច្ចប្រជុំទន្ទឹងរង់ចាំការឯកភាពលើផែនការសកម្មភាពរយៈពេល៥ឆ្នាំ របស់ AICHR (២០២៦-២០៣០) នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នាពេល​ខាងមុខ ក្នុង គោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិក​អាស៊ាន​បន្ថែមទៀត ដើម្បីពង្រឹងការ លើកកម្ពស់ និងកិច្ចការពារសិទ្ធិមនុស្សនៅក្នុងតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះវឌ្ឍនភាពប្រកបដោយស្ថិរភាព និងអត្ថន័យ ដែលសម្រេចបានដោយ AICHR ក្នុងការបញ្ញាបសិទ្ធិមនុស្ស​នៅក្នុង​សសរ​​ស្តម្ភសហគមន៍អាស៊ានទាំងបី ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់​ក្នុងការកសាងអាស៊ានប្រកបដោយបរិបន្ន យុត្តិធម៌ និងផ្តោតលើប្រជាជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្ត AICHR កសាងភាពជាដៃគូបន្ថែមទៀត​ជាមួយដៃគូសន្ទនាអាស៊ាន ស្ថាប័នតាមវិស័យអាស៊ាន សង្គមស៊ីវិល និងស្ថាប័ន អន្តរជាតិនានា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត AICHR ឱ្យបង្កើនសន្ទុះវិជ្ជមាន​និងពង្រឹង ការងាររបស់ខ្លួនបន្ថែមទៀតតាមរយៈផែនការការងាររយៈពេលប្រាំឆ្នាំ (២០២៦-២០៣០) ដែលផ្តល់ កាលានុវត្តភាពឱ្យ AICHR បូកសរុបសមិទ្ធផល​កន្លងមក ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ព្រមទាំងកំណត់គោលដៅ​របស់ខ្លួនឱ្យស្របនឹងអាទិភាពក្នុងតំបន់កាន់តែទូលំទូលាយ ស្របតាម ចក្ខុវិស័យ​អាស៊ាន ឆ្នាំ២០៤៥ ដើម្បីសម្រេចបាននូវគោលដៅរួម និងពង្រឹងកេរ្តិ៍ឈ្មោះអាស៊ាន ក្នុងនាមជាសហគមន៍ដែលប្តេជ្ញាការពារសេចក្តីថ្លៃថ្នូរ និងការលើកកម្ពស់សិទ្ធិ​មនុស្ស​ជាសកល។

កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ៖ កិច្ចប្រជុំបានបញ្ជាក់​សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការរក្សាអាស៊ីអាគ្នេយ៍ជាតំបន់ គ្មានអាវុធ​នុយក្លេអ៊ែរ និងអាវុធប្រល័យពូជសាសន៍ផ្សេងទៀត អនុលោមតាមធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញា SEANWFZ ។ នៅក្នុងការខិតខំប្រឹងប្រែងនេះ កិច្ចប្រជុំបានសង្កត់ធ្ងន់​លើសារៈសំខាន់ នៃការអនុវត្តសន្ធិសញ្ញានេះឱ្យបានពេញលេញ និងប្រកបដោយ​ប្រសិទ្ធ​ភាព តាមរយៈផែនការសកម្មភាព ឆ្នាំ២០២៣-២០២៧។

កិច្ចប្រជុំក៏បានស្វាគមន៍វឌ្ឍនភាពដែលកំពុងបន្តចំពោះសេចក្តីសម្រេចរយៈ ពេលពីរឆ្នាំស្តីពីសន្ធិសញ្ញា SEANWFZ នៅសម័យប្រជុំលើកទី៨០ ស្តីពីមហា​សន្និបាតអង្គការសហ ប្រជាជាតិ ហើយបានសង្កត់ធ្ងន់លើតម្រូវការដើម្បី​រក្សា​នូវសន្ទុះជាវិជ្ជមាននេះ ក្នុងការលើកកម្ពស់ សន្ធិសញ្ញាជាអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់​កាន់តែ​ខ្លាំង ឡើងនៃសន្ធិសញ្ញា SEANWFZ ក្នុងបរិបទនៃទិដ្ឋភាពភូមិសាស្ត្រ​នយោបាយសកលនាពេល បច្ចុប្បន្ន និងការកើនឡើងនៃបញ្ហាប្រឈម​ចំពោះ​តំបន់មិនរីកសាយអាវុធនុយក្លេអ៊ែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹក​ឡើង​វិញនូវការអំពាវនាវរួមគ្នារបស់អាស៊ានសម្រាប់រដ្ឋអាវុធនុយក្លេអ៊ែរ (NWS) ឱ្យទទួល​ស្គាល់ជាផ្លូវការនូវសន្ធិសញ្ញា SEANWFZ ដោយក្នុងន័យនេះ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការត្រៀមខ្លួនរបស់ប្រទេសចិនក្នុងការចុះហត្ថលេខា​លើ​ពិធីសារ ដោយគ្មាន “ខបម្រុង” និងបានកោតសរសើរចំពោះវឌ្ឍនភាពឆ្ពោះទៅការ​ចូលជាសមាជិកនៃសន្ធិសញ្ញា នេះ របស់ទីម័រឡេស្តេនាអំឡុងពេលកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤៧ នៅខែតុលា ឆ្នាំ២០២៥។ កិច្ចប្រជុំទ្វេភាគី ក្នុងឱកាសកិច្ច​ប្រជុំ​ខាង​លើ៖

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការ​បរទេស នៃសាធារណរដ្ឋហ្វីលីពីន បានពិភាក្សាពីការត្រៀមរៀបចំដំណើរទស្សនកិច្ច​ផ្លូវ​រដ្ឋនៅកម្ពុជានាពេលខាងមុខ របស់ឯកឧត្តម Ferdinand R. Marcos Jr. ប្រធា​នាធិបតីហ្វីលីពីន ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ Lazam ក៏បានជជែកគ្នាអំពីការ​ធ្វើឱ្យ​កាន់តែស៊ីជម្រៅ និងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ ព្រមទាំងបានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការ​ក្នុងតំបន់​ដែល​ជាផលប្រយោជន៍រួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម BUI Thanh Son ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយ​តម្លៃខ្ពស់​ចំពោះការរីកចម្រើននៃ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់​ជាញឹកញាប់រវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រី ការបរទេសទាំងពីរបានផ្លាស់ប្តូរ​យោបល់​គ្នាលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រួមមានការ វិនិយោគ ទេសចរណ៍ ការ​ផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់។ ភាគីទាំងពីរក៏បានពិភាក្សា ពីការ​ត្រៀម​រៀបចំកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះរវាងកម្ពុជា និងវៀតណាម ដែលនឹង ប្រព្រឹត្តិទៅនៅក្នុងឆ្នាំនេះ នៅកម្ពុជា៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner