ក្រសួងព័ត៌មាន និង និយ័តករមូលបត្រកម្ពុជា រួមកិច្ចសហការគ្នាដើម្បីលើកកម្ពស់ការផ្សព្វផ្សាយនៃការយល់ដឹងទីផ្សារមូលបត្រនៅកម្ពុជា
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និង និយ័តករមូលបត្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមួយ ដើម្បីផ្សព្វផ្សាយ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងបញ្ជាក់នារសៀលថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២៥ឱ្យដឹងថាការចុះអនុស្សារណៈនៃការយោគយល់គ្នានេះនឹង ជួយជំរុញដល់ការផ្សព្វផ្សាយកាន់តែទូលំទូលាយដល់សាធារណៈជនពិសេសពលរដ្ឋដែលមិនទាន់យល់ច្បាស់អំពីវិស័យមូលបត្រនេះអាចយល់ដឹងកាន់តែច្បាស់ពីកាលានុវត្តភាពរបស់វិស័យមូលបត្រកម្ពុជា ដើម្បីឈានទៅចាប់យកឱកាសវិនិយោគ ក្នុង វិស័យមូលបត្រ និងពង្រីកការវិនិយោគ។
ឯកឧត្តម នេត្រ ភក្រ្តាបានមានប្រសាសន៍ថានាកន្លងមកប្រជាពលរដ្ឋ មានការចាប់ អារម្មណ៍ទៅលើនិយ័តករមូលបត្រ និងក៏ដូចជាការយល់ដឹងលើវិស័យនេះនៅមានកម្រិតនៅឡើយ ហើយហេតុនេះការរួមគ្នាផ្សព្វផ្សាយជាផ្នែកមួយសំខាន់ដើម្បីឱ្យពួកគាត់បាននូវការយល់ដឹង និងចូលរួមនៅក្នុងវិស័យមូលបត្រនៅកម្ពុជា ដែលជាវិស័យសំខាន់មួយនៅក្នុងចំណោមវិស័យហិរញ្ញវត្ថុដ៏ទៃទៀត ដែលជាចលករដ៏សំខាន់នៅក្នុងរបត់ថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ដែរថា បច្ចុប្បន្ននេះអ្នកសារព័ត៌មានមួយចំនួន មិនទាន់យល់ពាក្យសេដ្ឋកិច្ចបានច្បាស់នៅឡើយផង ដែលជាឧបសគ្គមួយនៅក្នុងការយល់ពីប្រធានបទទាក់ទងវិស័យសេដ្ឋកិច្ច, បើសិនជាអ្នកសរសេរព័ត៌មានមិនយល់ពីប្រធានបទ តើអ្នកអានរបស់គាត់យល់ដែរឬទេ? ដូច្នេះចាំបាច់ត្រូវធ្វើការបណ្តុះបណ្តាលជំនាញផ្នែកសេដ្ឋកិច្ចជាមុន ដល់អ្នកសារព័ត៌មាន។
ជាមួយគ្នានេះឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាប្រភពនៃឱកាសសម្រាប់ការសិក្សារៀនសូត្រពីវិស័យហិរញ្ញវត្ថុ និងជាប្រភពឱកាសសម្រាប់ការវិនិយោគផ្ទាល់ផងដែរ ពោលគឺជាវិស័យមួយដែលអនុញ្ញាតឱ្យអ្នកវិនិយោគពីគ្រប់ប្រភពទាំងអស់អាចធ្វើពិពិធកម្មការវិនិយោគដើម្បីបង្កើននូវចំណូលបន្ថែម និងគ្រប់គ្រងហានិភ័យរបស់ខ្លួនផងដែរ។
ឯកឧត្តម ស៊ូ សុជាតិ បានបន្ថែមថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រសួងព័ត៌មានដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែទូលំទូលាយ និង ព្រមជាមួយគ្នាវាក៏បានបង្ហាញឱ្យឃើញថា វិស័យមូលបត្រកម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការជួយជ្រុំជ្រែងដល់អ្នកវិនិយោគទាំងអស់ នៅក្នុងការធ្វើពិពិធកម្មនៃការវិនិយោគ និងគ្រប់គ្រងហានិភ័យរបស់ពួកគេ ក្នុងទិសដៅធ្វើយ៉ាងណាដើម្បីជំរុញការអភិវឌ្ឍវិស័យហរិញ្ញវត្ថុកម្ពុជា និងការរីកចម្រើនសេដ្ឋកិច្ចជាតិ។
សូមជម្រាបថា គិតមកទល់ពេលនេះ មានក្រុមហ៊ុនចុះបញ្ជីទីផ្សារនិយ័ករមូលបត្រកម្ពុជាមានសរុបចំនួន២៥ ដែលចាប់ផ្តើមតាំងតែពីឆ្នាំ២០១២ មានតែ ១ក្រុមហ៊ុនប៉ុណ្ណោះ ។បច្ចុប្បន្ននេះដែរបានបែងចែកផលិតផលជា២គឺមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និង មូលបត្របំណុល (សញ្ញាបណ្ណ) ៕
ដោយ ៖ ម៉ាដេប៉ូ







