គម្រោងជួសជុលជ្រុង ឦសាន បាកានអង្គរវត្ត ដំណើរការ ទៅមុខគួរ ឱ្យ កត់សម្គាល់

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (Korean Heritage Agency ) បាននិងកំពុងជួសជុល ជ្រុង ឦសាន នៃ រួតបាកាន ប្រាសាទ អង្គរវត្ត ដែលបច្ចុប្បន្នកំពុងដំណើរការ ទៅតាមការគ្រោងទុក ។

លោក Kim Dongmin អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុល នៃទីភ្នាក់ងារ បេតិកភណ្ឌកូរ៉េ បានឱ្យដឹងថាគម្រោងជួសជុលជ្រុងឦសាន នៃ រួត បាកាន បាន​ចាប់ផ្តើមនៅ២០២៥ បន្ទាប់ពីប្រើពេលមួយឆ្នាំ គឺឆ្នាំ២០២៤ ដើម្បីស្រាវជ្រាវ និងសិក្សាពីបច្ចេកទេសដើម្បីដំណើរការជួសជុល។ មន្រ្តីកូរ៉េរូបនេះបញ្ជាក់ថា គម្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២៦។

អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុល លោក Kim Dongmin បានបង្ហាញ​មោទន​ភាព​ចំពោះ កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការជួសជុល​ប្រា​សាទរ​​អង្គរវត្ត ដែលជាប្រាសាទដ៏ស្កឹមស្កៃ និងខ្ពង់ខ្ពស់របស់ប្រជាជាតិកម្ពុជា។

លោករំពឹងថា ទៅអនាគតស្ថាប័នកូរ៉េ នឹងបន្តចូលរួមលើកិច្ចការអភិរក្ស ក្នុង តំបន់ រមណីយដ្ឋាន អង្គរបន្តបន្ទាប់ទៀត ក្នុងន័យចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌​របស់ពិភពលោកមួយនេះ ឱ្យកាន់តែរឹងមាំ និងគង់វង្ស។

លោក ឃាម មុនី មន្រ្តីបច្ចេកទេស នៃ អាជ្ញាធរជាតិអប្សរា ដែលចូលរួមក្នុងគម្រោង​ជួសជុលខាងលើ បានលើកឡើងថា ស្ថានភាពខឿនថ្ម និងជណ្ដើរជ្រុងឦសាន មុន​ពេលជួសជុល មានការញែក និងរហែក ដែលមើលទៅមាន​ហានិភ័យខ្ពស់គួរឱ្យ​បារម្ភ​​ជាខ្លាំង។ ចំពោះបច្ចេកទេសជួសជុលវិញ ក្រុមការងារបានចាប់ផ្តើមរើថ្ម និង​រៀបចំពង្រឹងឡើងវិញ ពីមួយស្រទាប់ទៅមួយស្រទាប់ដោយធានា​ពីភាពរឹងមាំ​ទៅ​អនាគត។

បច្ចេកទេសនេះត្រូវបានលោក មុនី អះអាងថា គោរពតាមអនុសាសន៍យ៉ាងត្រឹមត្រូវ របស់អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។

គួរបញ្ជាក់ថា គម្រោងជួសជុលជ្រុងឦសាន នៃ រួតបាកាន អង្គរវត្ត ត្រូវបានរៀបចំ​ពិធីប្រុងពលី បើកការដ្ឋានជួសជុលនៅក្នុងខែ កុម្ភៈ ឆ្នាំ២០២៥ ក្រោមវត្តមាន​ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក កម្មករជួសជុល ជាច្រើនរូប ៕

ដោយ ៖ ម៉ាដេប៉ូ

ads banner