ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្តី៖ វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្ត នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល
(តាកែវ)៖ ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្ត នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។
នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី កម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងឱកាសដឹកនាំ ក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំគម្រោងសាងសង់សាលារៀន ១ខ្នងពីរជាន់ មាន ៦បន្ទប់ ដែលមានទទឹង ៩ម៉ែត្រ បណ្តោយ ២១ម៉ែត្រ កម្ពស់ ៧ម៉ែត្រកន្លះ និងជួសជុលបង្អួចអាគារចាស់មួយចំនួន មានទីតាំងស្ថិតនៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ។
ឯឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានថ្លែងថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្តនៃយុទ្ធសាស្ត្របច្ចកោណនៃរាជរដ្ឋាភិ បាលអាណត្តិទី៧នេះ។
ឯកឧត្ដមបណ្ឌិត ក៏បាន លើកទឹក ចិត្ត លោកគ្រូ អ្នកគ្រូ បន្ត យកចិត្តទុក ដាក់ ផ្តោត លើ ការបង្រៀន ដោយ ប្រើប្រាស់ វិធីសាស្ត្រ បង្រៀនថ្មីៗ ដើម្បី ផ្តល់ នូវ ការ អប់រំ ប្រកប ដោយ គុណភាព បរិយាបន្ន និង សមធម៌ ប្រែក្លាយ យុវជន កម្ពុជា ជំនាន់ ក្រោយ ទៅ ជា កម្លាំង ចលករ ដ៏មាន សក្តានុពល ចូលរួម ចំណែក ក្នុង ការ អភិវឌ្ឍ សេដ្ឋកិច្ច សង្គម ជាតិ ឱ្យ រីកចម្រើន ប្រកប ដោយ ចីរភាព ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់ក្រុមការងារក្នុងការសិក្សាអំពីទីតាំងឱ្យបានច្បាស់លាស់ និងសមស្របសម្រាប់កសាងអគារសិក្សា ដើម្បីធានាដល់គុណភាព និងស្តង់ដារត្រឹមត្រូវ ហើយបន្ទាប់ពីកំណត់ទីតាំងរួច ក្រុមវិស្វករ និងមកសិក្សាបន្ថែម ព្រមទាំងគូរប្លង់ ដើម្បីចាប់ផ្តើមសាងសង់ឱ្យបានឆាប់ សម្រាប់បំពេញតម្រូវការសិក្សា របស់កូនចៅប្រជាពលរដ្ឋ ។
គួរបញ្ជាក់ថា សាលារៀនថ្មី ១ខ្នង ដែលត្រៀមនឹងសាងសង់នេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ជូនដល់ប្រជាពលរដ្ឋ នៃភូមិសំរោង ដែលនឹងផ្ដល់ឱកាសដល់កូនចៅ អាចទទួលបានការសិក្សាអប់រំ កាន់តែងាយស្រួល និងកាត់បន្ថយការធ្វើដំណើរឆ្ងាយពីផ្ទះ ៕





ដោយ ៖ វណ្ណលុក