ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) ៖ ៣២ឆ្នាំហើយ ដែលយើងបានផ្តល់ភាពស្រស់ស្រាយដល់កម្ពុជា ទាំងតាមរយៈភេសជ្ជៈ និងការគាំទ្រសង្គម

ភ្នំពេញ ៖ ជាង៣២ ឆ្នាំហើយ ដែលក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) បានផ្តល់ភាពស្រស់ស្រាយ និងគាំទ្រដល់សហគមន៍កម្ពុជា ដោយមោទនភាព តាមរយៈភេសជ្ជៈដែលផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។ ហើយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុននៅតែបន្តការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួន ក្នុងការរួមចំណែកអភិវឌ្ឍសហគមន៍ និងការអភិរក្សបរិស្ថាននៅកម្ពុជា។

កាលពីថ្ងៃសៅរ៍ ទី១២ កក្កដាកន្លងទៅ បុគ្គលិកក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) ជាង ៦០នាក់ បានរួមសហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) មន្ទីរបរិស្ថានខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ដើម្បីដាំដើមឈើកំពស់ជាង២ម៉ែត្រ ជាង ១០០ ដើម និងបរិច្ចាគកូនឈើចំនួន ៤០០ ដើម ជូនដល់សហគមន៍រុនតាឯកតេជោសែន ដែលជាទីក្រុងថ្មីនៃខេត្តសៀមរាប។ នេះជាការដាំបន្ថែម ពីលើដើមឈើចំនួន ១០០០ដើម ដែលបានដាំ និងបរិច្ចាគ កាលពីឆ្នាំ ២០២៤កន្លងទៅ។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយស្របតាមគន្លងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) ក្រោមទិសស្លោក «ជម្រើសយើង អនាគតយើង» (Our choice, Our Future) និងបានបង្ហាញពី «ភាពម្ចាស់ការលើចីរភាព»។

លោក Paulo Gaspar Rodrigues អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) បានថ្លែងថា «ជាង ៣២ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំពិតជាមានមោទនភាព ដែលយើងខ្ញុំជាផ្នែកមួយនៃវឌ្ឍនភាពរបស់កម្ពុជា តាមរយៈការផ្តល់ភាពស្រស់ស្រាយដល់ប្រជាជនកម្ពុជាជាបន្តបន្ទាប់ ព្រមទាំងតបស្នងចំពោះសហគមន៍ដែលតែងតែស្វាគមន៍យើងខ្ញុំតាំងពីគ្រាដំបូងដែលយើងមកទីនេះ។ យើងខ្ញុំជឿជាក់ថា អនាគតដ៏ល្អប្រសើរមួយ ត្រូវផ្តើមចេញពីការសម្រេចចិត្តក្នុងថ្ងៃនេះ។ ដូចនេះ រាល់ដើមឈើដែលយើងបានដាំ នឹងជួយសហគមន៍យើងឱ្យរុងរឿង និងគាំទ្រដល់អនាគតមួយប្រកបដោយចីរភាពសម្រាប់កម្ពុជា»។ យើងបានឱ្យឈ្មោះកម្មវិធីនេះថា «ពលរដ្ឋល្អ» (Good Citizenship Program) ។

លោកបានបន្ថែមថា៖ «នៅក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) ផលិតផលរបស់យើងត្រូវបានផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ – ប្រកបដោយក្តីស្រឡាញ់ និងមោទកភាពយ៉ាងជ្រាលជ្រៅ។ កម្លាំងពលកម្មផ្នែកផលិតកម្ម និងចែកចាយរបស់យើង គឺសុទ្ធសឹងតែជាជនជាតិខ្មែរ ១០០% ចាប់តាំងពីរោងចក្រ ឃ្លាំង រហូតដល់ក្រុមលក់។ ហើយតាមរយៈបុគ្គលិកជំនាញរបស់យើងដែលសុទ្ធសឹងជាកូនខ្មែរបែបនេះ យើងក៏អាចនិយាយបានថា យើងជាក្រុមហ៊ុនដែលយល់ច្បាស់ពីអ្វីដែលកម្ពុជាត្រូវការ ទាំងការផ្តល់ភាពស្រស់ស្រាយ និងការគាំទ្រសហគមន៍កម្ពុជា។

កម្មវិធីពលរដ្ឋល្អដែលបង្កើតឡើង នឹងផ្តល់លទ្ធភាពដល់បុគ្គលិកគ្រប់រូបនៅក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) ឱ្យចូលរួមចំណែកយ៉ាងមានន័យលើកាតព្វកិច្ចចីរភាពរបស់យើង ដោយផ្តោតសំខាន់លើ ភពផែនដី (Planet) ផលិតផល (Product) និងប្រជាជន (People)។ បុគ្គលិកគ្រប់រូប ត្រូវបានលើកទឹកចិត្តឱ្យចូលរួមស្ម័គ្រចិត្តក្នុងសកម្មភាពសង្គមនានាដូចជា ការដាំដើមឈើ ការបរិច្ចាគឈាម ការសម្អាតបរិស្ថាន ការតម្រង់ទិសអាជីព និងការបរិច្ចាគសម្ភារៈ – ដែលនេះបង្ហាញពីបេសកកម្មរបស់យើងក្នុងការយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់យើង និងសហគមន៍កម្ពុជា៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner