រថយន្តដឹកដីបុករះថយន្ត៣គ្រឿង បណ្តាលឱ្យរងការខូចខាត
ភ្នំពេញ៖ រថយន្តបែនដឹកដីដាច់ហ្រ្វាងបណ្តាលឱ្យទៅបុករះរថយន្ត៣គ្រឿង ហើយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកផ្ទាំងប៉ាន់ណូ KTV បាក់រាបដល់ដី កាលពីម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 7347 បើកបរដោយឈ្មោះ វ៉ា ហៀ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តរងគ្រោះទី១ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-5422 ទី២រថយន្តកូរ៉េមួយតោន កន្លះពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2R- 1343 និងទី៣រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AO-5240។ ជនរងគ្រោះក្នុងករណីនេះ ទី១)ឈ្មោះ សរ សាលី អាយុ៧០ឆ្នាំ ជាភ្ញៀវមកទិញម្ហូប នៅកន្លែងកើតហេតុរបួសធ្ងន់ ទី២)ឈ្មោះ ឯក ស្រីពេជ្រ ភេទស្រី អាយុ៣៩ឆ្នាំ ជាអ្នកបាយ និងនំបញ្ចុក និងទី៣)ឈ្មោះ សាន ធុទ្ធារី ភេទស្រី អាយុ១៥ឆ្នាំ អ្នកជួយលក់បាយ និងនំបញ្ចុក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកដី ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន បានបុករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវមួយគ្រឿង រួចបានជ្រុលបុករថយន្តកូរ៉េ ពណ៌ខៀវ ដែលចតឈប់នៅចិញ្ចើមផ្លូវខាងស្តាំ បណ្តាលឲ្យខ្ទាតទៅបុកចូលផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះ រងការខូចខាត និងបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ និងប្រុសស្រី២នាក់ ទៀតរបួសស្រាល។
ប្រភពដដែលបន្តថា រថយន្តបង្កមិនទាន់អស់ល្បឿនទេ បានបន្តបុករថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលកំពុងឆ្លងផ្លូវពីត្បូងទៅជើង រងការខូចខាត រួមទាំងទៅបុកផ្ទាំងប៉ាណូរបស់អរគីដេ KTV ថែមទៀត បណ្តាលឲ្យបាក់បង្គោលដែកមួយដើម និងរហែកក្រដាសផ្ទាំងប៉ាណូ។ ក្រោយពេលកើតហេតុ បុរសដែលរងបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ រីឯតៃកុងរថយន្តបង្ក និងរថយន្តរងគ្រោះ កំពុងធ្វើការដោះស្រាយគ្នា៕ធ.ដ