លោក Zelensky គំរាមវាយប្រហារចម្ងាយឆ្ងាយចូលទឹកដីរុស្ស៊ី

កៀវ ៖ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគំរាមវាយប្រហារចម្ងាយឆ្ងាយជាថ្មីទៅក្នុងទឹកដីប្រទេសរុស្ស៊ី ប៉ុន្មានថ្ងៃបន្ទាប់ពីអាមេរិកបានសន្យាថា នឹងបន្តផ្តល់ជំនួយយោធាដល់ទីក្រុងកៀវ ពិសេសប្រព័ន្ធការពារមីស៊ីល Patriot។

លោកប្រធានាធិបតី ហ្សេលេនស្គី បានបង្ហោះសារលើវេទិកា X ថា អង្គភាពរបស់យើងនឹងបន្តបង្កការបំផ្លិចបំផ្លាញអ្នកឈ្លានពាន។ ហើយធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីនាំយកសង្រ្គាមទៅដល់ទឹកដីប្រទេសរុស្ស៊ី។ យើងកំពុងរៀបចំការវាយប្រហាររយៈចម្ងាយឆ្ងាយថ្មី។

មេដឹកនាំអ៊ុយក្រែនវ័យ៤៧ឆ្នាំរូបនេះបន្ថែមថា ទន្ទឹមគ្នា អ៊ុយក្រែននឹងធ្វើការជាមួយអាមេរិក ព្រមទាំងដៃគូលើការចែកចាយសព្វាវុធ និងបង្កើនការផលិតសព្វាវុធរួមគ្នាសម្រាប់ទ្រទ្រង់វិស័យការពារជាតិ។

ការអះអាងបែបនេះរបស់លោកប្រធានាធិបតី ហ្សេលេនស្គី កើតឡើងចំពេលសហភាពអឺរ៉ុបបានបែងចែកប្រាក់រាប់រយពាន់លានអឺរ៉ូក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីពង្រីកបរិវេណឧស្សាហកម្មយោធា និងគាំទ្រដល់ការផលិតអាវុធក្នុងស្រុករបស់អ៊ុយក្រែន។

បើតាមលោកឧត្តមសេនីយ Christian Freuding ជាអ្នកសម្របសម្រួលការគាំទ្រផ្នែកយោធារបស់អាល្លឺម៉ង់ដល់អ៊ុយក្រែន បាននិយាយថា ទីក្រុងប៊ែរឡាំងនឹងផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយដំបូង ដែលផ្តល់ហិរញ្ញប្បទានដោយប្រទេសអាល្លឺម៉ង់ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

សម្រាប់ភាគីរុស្ស៊ីបានចាត់ទុកការប្រើប្រាស់មីស៊ីលដែលផ្គត់ផ្គង់ដោយបរទេសថា ជាការចូលរួមដោយផ្ទាល់ពីរដ្ឋលោកខាងលិចក្នុងជម្លោះនៅអ៊ុយក្រែន៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner