លោក Zelensky ស្នើឲ្យនាយករដ្ឋមន្ត្រី ទៅធ្វើរដ្ឋមន្ត្រីការពារជាតិវិញ

បរទេស ៖ លោក Zelensky បានស្នើឲ្យ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmygal ទៅធ្វើជារដ្ឋមន្ត្រីការពារជាតិវិញ នៅក្នុងការរង្គោះរង្គើ នយោបាយ ដ៏សំខាន់មួយ។

លោក Zelensky បាននិយាយ អំឡុងការថ្លែងសុន្ទរកថា ពេលល្ងាច កាលពីថ្ងៃចន្ទថា «បទពិសោធន៍ដ៏ធំធេង របស់លោក Denys Shmygal នឹងពិតជាមានប្រយោជន៍ ក្នុងតំណែងជារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន»។ យ៉ាងណាមិញ ការតែងតាំង លោក Shmygal នឹងតម្រូវឱ្យមានការយល់ព្រមពីសភា ដែលភាគច្រើន បានរួមគ្នាគាំទ្រលោក Zelensky នៅពីក្រោយ ពោលគឺចាប់តាំងពី មានការឈ្លានពានរបស់រុស្ស៊ី កាលពីឆ្នាំ២០២២ ហើយទំនងជា មិនបោះឆ្នោតប្រឆាំងនឹងការតែងតាំង នេះទេ។

លោក Shmygal បានបម្រើការ ជានាយករដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ២០២០ ដោយបានដឹកនាំរដ្ឋាភិបាលអ៊ុយក្រែន ក្នុងពេលមានជំងឺរាតត្បាត COVID-19 និងការចាប់ផ្តើមនៃការលុកលុយពេញលេញ របស់រុស្ស៊ី ក្នុងឆ្នាំ២០២២។

លោកប្រធានាធិបតី Zelensky បាននិយាយ កាលពីសប្តាហ៍មុនថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកស្រី Yulia Svyrydenko ត្រូវបានគេរំពឹងថា នឹងចូលកាន់តំណែង របស់លោក Shmygal ខណៈដែលរដ្ឋមន្ត្រីការពារជាតិ បច្ចុប្បន្ន អាចនឹងក្លាយជាឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំសហរដ្ឋអាមេរិក វិញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner