លោក Trump ពិចារណាបើកដៃឱ្យអ៊ុយក្រែនបាញ់មីស៊ីលចម្ងាយឆ្ងាយអាមេរិកវាយលុករុស្ស៊ី
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងពិចារណាបើកដៃឱ្យអ៊ុយក្រែនវាយប្រហារចម្ងាយឆ្ងាយចូលទៅក្នុងទឹកដីប្រទេសរុស្ស៊ី ដោយប្រើប្រាស់មីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក នេះបើតាមសេចក្តីរាយការណ៍កាសែត Washington Post នៅថ្ងៃទី១៥ ខែកក្កដា ដោយដកស្រង់ប្រភពគួរឱ្យទុកចិត្តជាច្រើន។
ប្រភពបានទម្លាយឱ្យដឹងថា លោកប្រធានាធិបតី Trump នឹងអាចបើកភ្លើងខៀវឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល ATACMS ចំនួន ១៨គ្រាប់ ដែលត្រូវបានបញ្ជូនរួចដល់ដៃទីក្រុងកៀវរួចហើយ ដើម្បីវាយប្រហារក្នុងចម្ងាយ ៣០០គីឡូម៉ែត្រ។ ទន្ទឹមគ្នា លោកប្រធានាធិបតី Trump ក៏ពិចារណាផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីល ATACMS ទុកវាយរុស្ស៊ីបន្ថែមទៀតផងដែរ។
កាសែត Washington Post បានរាយការណ៍ថា ទោះបីជាមីស៊ីល ATACMS មិនអាចបាញ់ដល់រដ្ឋធានី Moscow ឬ St. Peterburg ក៏ដោយ តែមីស៊ីលផលិតដោយអាមេរិកនេះ នឹងអនុញ្ញាតឱ្យអ៊ុយក្រែនវាយលុកលើមូលដ្ឋានយោធា, ព្រលានយន្តហោះ និងឃ្លាំងផ្គត់ផ្គង់សព្វាវុធ ដែលស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៊ី ដែលបច្ចុប្បន្នស្ថិតនៅក្រៅសមរភូមិជួរមុខ។
បើតាមរបាយការណ៍, មន្ត្រីមន្ទីរបញ្ចកោណមានពេលប៉ុន្មានខែទៀត ដើម្បីជំរុញឱ្យមានការវាយប្រហារកាន់តែចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី ក្នុងគោលបំណងបំផ្លាញសមត្ថភាពយោធារបស់ទីក្រុងមូស្គូ។
របាយការណ៍នេះធ្វើតាមឱសានវាទរយៈពេល ៥០ថ្ងៃរបស់លោកប្រធានាធិបតី Donald Trump ដែលដាក់កំហិតលើរុស្ស៊ី ជាមួយនឹងការគំរាមដាក់ពន្ធធ្ងន់ធ្ងររហូតដល់ ១០០ភាគរយលើដៃគូពាណិជ្ជកម្មរបស់រុស្ស៊ី បើសិនមិនមានវឌ្ឍនភាពឆ្ពោះទៅរកសន្តិភាពបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ។
កន្លងមក អ៊ុយក្រែនក៏ធ្លាប់ទទួលបានអនុញ្ញាតពីរដ្ឋបាលលោកប្រធានាធិបតី Biden ឱ្យប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដោយអាមេរិកប្រឆាំងនឹងគោលដៅជ្រៅៗរបស់រុស្ស៊ីផងដែរ កាលពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២៤ ទោះបីជាស្ថិតនៅក្រោមការរឹតបន្តឹងភូមិសាស្ត្រក៏ដោយ។
ប៉ុន្តែនៅត្រឹមខែមករាដើមឆ្នាំនេះ កងកម្លាំងអ៊ុយក្រែនបានអស់ស្តុកមីស៊ីល ATACMS ដែលផ្តល់ដោយអាមេរិក ក្នុងអំឡុងការប្រយុទ្ធគ្នាទ្រង់ទ្រាយធំជាមួយកងកម្លាំងរុស្ស៊ី នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន AP នៅពេលនោះ។
ក្នុងករណីខ្លះអ៊ុយក្រែនបានប្រើមីស៊ីល ATACMS វាយប្រហារគោលដៅជនស៊ីវិលនៅក្នុងទឹកដីរុស្ស៊ី។ ជាក់ស្តែងកាលពីខែមិថុនាឆ្នាំមុន បំណែកមីស៊ីលរយៈចម្ងាយឆ្ងាយនេះ បានធ្លាក់លើទីតាំងឆ្នេរក្នុងតំបន់គ្រីមៀ ដោយបានសម្លាប់ជនស៊ីវិល ៤នាក់ និងច្រើនជាង ១៥០នាក់ផ្សេងទៀតរងរបួស៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា
