អង្គការយូនីសេហេ្វ បន្តជួយកម្ពុជាលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

អត្ថបទដោយ៖
Kien Sereyvuth

លោកស្រី គ្រីស្ទៀន ម៉ុនឌ័តេ Cristian Munduate នាយិកាប្រចាំប្រទេស នៃមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (Unicef) បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួសមជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៩ និងពិភាក្សាការងារស្តី ពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

លោកស្រី គ្រីស្ទៀន ម៉ុនឌ័តេ Cristian Munduate ទទួលស្គាល់នូវភាពកាន់តែល្អប្រសើរនៃវិស័យសន្តិសុខស្បៀង និងអាហរូបត្ថម្ភនៅកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលអស់រយៈពេលជាង២០ឆ្នាំមកនេះ ស្របតាមគោលដៅអភិវឌ្ឍន៍សហវត្សរ៍របស់អង្គការសហប្រជាជាតិ។ ដូច្នេះហើយ អង្គការយូនីសេហ្វ នឹងនៅតែបន្តជួយដល់កម្ពុជាជាបន្តទៀត។

លោកស្រីមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន   ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ព្រោះថា ការវិនិយោគ១ដុល្លា លើអាហារូបត្ថម្ភ នឹងទទួលបានផលមកវិញ១៦ដុល្លា នាពេលអនាគត់។ ក្នុងន័យនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានធ្វើកិច្ចសហការយ៉ាងល្អជាមួយពហុវិស័យ ពិសេសការបង្កើតក្រុមការងារបច្ចេកទេសសន្តិសុខស្បៀង និងអាហារូមត្ថម្ភ ដែលមានសមាភាពពីដៃគូអភិវឌ្ឍន៍នានា ហើយអង្គការយូនីសេហ្វ នឹងធ្វើការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសនេះ ក្នុងការតាមដាន និងវាយតម្លៃនៃការអនុវត្តសកម្មភាពនានា រួចនឹងធ្វើរបាយការណ៏ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជ្រាប។

ដោយឡែក ការងារគាំពារសង្គមដែលអន្តរាគមន៍ផ្ទាល់ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបានជោគជ័យខ្លាំងណាស់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះកិច្ចសហការរបស់អង្គការយូនីសេហ្វ ជាមួយរាជរដ្ឋភិបាលកម្ពុជាក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម ជាពិសេសការជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងយុទ្ឋសាស្ត្រគាំពារសង្គមសំរាប់ជនក្រីក្រ និងជនងាយរងគ្រោះ សន្តិសុខស្បៀង និងអាហារូបត្ថម្ត។

ឯកឧត្តមឧបនាយករដ្ខមន្រ្តីបន្តថា ការចូលរួមរបស់អង្គការយូនីសេហ្វ គឺពិតជាឆ្លើយតបទៅនឹងយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងអាណត្តិទី៦នេះ ការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មានការកែសម្រួលខ្លះ ក្នុងនោះរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ ទទួលខុសត្រូវដោយផ្ទាល់លើការងារសន្តិសុខស្បៀង ដោយសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធាន ទទួលខុសត្រូវដោយផ្ទាល់លើការងារអាហារូបត្ថម្ភ ដោយសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទលើផ្នែកទឹកស្អាត និងអនាម័យ។

ក្រោយពីធ្វើការកែទម្រង់បែបនេះ ឃើញថា ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ កាន់តែល្អប្រសើរជាងមុន។ ឯកឧត្តម បញ្ជាក់ថា ការគាំពារសង្គម និងការធានារាប់រងសង្គមត្រូវបានផ្ទេរទៅក្រោមការគ្រប់គ្រោងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយសម្តេចតេជោនាយករដ្ឋមន្ត្រីជាអ្នកត្រួតពិនិត្យដោយផ្ទាល់ ហើយយើងទទួលបានផ្លែផ្កាច្រើនណាស់ ក្នុងនោះ ដូចជាកម្មការិនី ឆ្លងទន្លេអាចសម្រាកបាន៣ខែ ដោយទទួលបានប្រាក់ឧបត្ថម្ភ១២០% នៃប្រាក់ខែ និងទទួលបាន៤០ម៉ឺនរៀលសម្រាប់ទារកម្នាក់ តែបើកូនភ្លោះ នោះនឹងបាន៨០ម៉ឺនរៀល ហើយចំណុចនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ណាស់ និងនៅតែបន្តធ្វើជារៀងរហូត ព្រោះដើម្បីឲ្យម្តាយ និងទារក មានសុខភាពល្អ ក្លាយជាកុមារ និងយុវជនដែលមានការលូតលាស់ខួរក្បាលល្អប្រសើរ ក្លាយជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

ជាមួយគ្នានោះដែរ កម្មករ កម្មការិនីទាំងអស់មានប្រាក់សោធនិវត្តន៍ដូចមន្ត្រីរាជការ កម្មករ កម្មការិនី ទាំងក្នុងប្រព័ន្ឋ និងក្រៅប្រព័ន្ឋអាចទៅពិនិត្យ និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។ល។ ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យអង្គការយូនីសេហ្វេ បន្តគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជាឲ្យកាន់ប្រសើរឡើង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner