សម្តេចក្រឡាហោម ស ខេង បានកោតសរសើរយ៉ាងខ្លាំងចំពោះមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ ដែលបញ្ចៀសបាននូវអំពើភេរវកម្ម បង្ការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា នូវឧក្រិដ្ឋកម្មឆ្លងដែន និងឧបាយកលពីពួកអមិត្តផ្សេងៗ ប្រកបដោយជោគជ័យនាពេល កន្លងមក

អត្ថបទដោយ៖
Kien Sereyvuth

ការថ្លែងកោតសរសើរ របស់ប្រមុខក្រសួងមហាផ្ទៃ ធ្វើឡើងនៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ នៃការកកើតកងកម្លាំង នគរបាលកម្ពុជាលើកទី ៧៤ (១៦ ឧសភា ១៩៤៥–១៦ ឧសភា ២០១៩) នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានវត្តមានមន្ត្រី នគរបាលគ្រប់ជាន់ថ្នាក់ចូលរួម ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា « សូម អគុណ  និងកោតសរសើរយ៉ាងជ្រាលជ្រៅ ដោយស្មោះចំពោះ កងកម្លាំង នគរបាលជាតិ គ្រប់ជំនាន់ ដែលបានធ្វើពលីកម្ម គ្រប់បែបយ៉ាងក្នុងការ បំពេញកាតព្វកិច្ច ប្រកបដោយស្មារតី អង់អាចក្លាហាន  និងមានការ ទទួលខុសត្រូវខ្ពស់ ដើម្បីឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី រក្សាបាននូវសុខ សន្តិភាព ស្ថិរភាព នយោបាយ បញ្ចៀសបាននូវអំពើភេរវកម្ម បង្ការទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា នូវឧក្រិដ្ឋកម្ម ឆ្លងដែន ប្រឆាំងទប់ស្កាត់ ឧបាយកល សកម្មភាព របស់ពួកអមិត្ត គ្រប់ប្រភេទ ដែលបានបំផុសចលនា បង្កើតក្រុមប្រដាប់ អាវុធខុសច្បាប់ និងធ្វើបដិវត្តន៍ ពណ៌ ប៉ុនប៉ង ផ្តួលរំលំរាជ រដ្ឋាភិបាល ស្របច្បាប់ » ។

សម្តេច បានលើកឡើងទៀតថា កម្លាំងនគរបាលជាតិទាំងមូល បានតស៊ូ និងភាពលំបាក គ្រប់បែបយ៉ាងដោយបានលះបង់ ពេលវេលាកម្លាំងកាយចិត្ត អាយុជីវិត ដើម្បីប្រយុទ្ធប្រឆាំង បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ  សំដៅការពារអាយុជីវិត និងទ្រព្យ សម្បត្តិ របស់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ សាធារណៈ បង្កើតបាននូវបរិយាកាសប្រកបដោយ ភាពកក់ក្តៅ ក្នុងសង្គម ទាំងមូល ។

សម្តេច ក្រឡាហោម បានលើកឡើងទៀតថា នគរបាលបានការពារ និងការធានាស្ថិរភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោតជ្រើសតាំង ព្រឹទ្ធសភានីតិកាល ទី៤ និងការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦  ដែលជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រ និងជាអាយុជីវិតនៃប្រទេសជាតិ បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់អំពីភាពម្ចាស់ការ ប្រកបដោយ សមត្ថភាព របស់កម្ពុជា ក្នុងការធានា ស្ថិរភាព សន្តិសុខ បម្រើឲ្យកិច្ចដំណើរការ អនុវត្តលទ្ធិប្រជាធិបតេយ្យ  និងការពង្រឹង នីតិរដ្ឋ ។

សម្តេច ក៏បានអំពាវនាវដល់នគរបាលទាំងអស់ ត្រូវប្តេជ្ញាចិត្តរួមគ្នា បន្តធ្វើការកែទម្រង់នគរបាលជាតិ អំពីក្របខ័ណ្ឌ ឋានន្តរស័ក្តិ  តួនាទី មុខងារ និងការទទួលខុសត្រូវនៅតាមស្ថាប័ន អង្គភាពនគរបាល គ្រប់ជាន់ថ្នាក់ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព ការងារ សំដៅឆ្លើយតបចំពោះការវិវត្តន៍ រីកចំរើនរបស់សង្គម និងស្ថានភាព ប្រែប្រួលស្មុគស្មាញ នៃសភាពការណ៍សន្តិសុខ ក្នុងតំបន់ និងពិភពលោក ។

សូមរំលឹកថា ១៦ឧសភា ជាទិវានៃការចងចាំជាប្រវត្តិសាស្ត្រ របស់អង្គប្រតិបត្តិច្បាប់ ដែលបានចាប់បដិសន្ធិ ក្រោមស្នាព្រះហស្តរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សី ហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៃ ព្រះរាជាណាចក្រ កម្ពុជា ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner