ប្រាសាទឥដ្ឋ ស្ថិតនៅជ្រុងអាគ្នេយ៍នៃប្រាសាទភ្នំក្រោម ត្រូវអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ជួលជុលឲ្យរឹងមាំឡើងវិញ
(ខេត្តសៀមរាប)៖ ប្រាសាទភ្នំក្រោម ដែលមានអាយុកាលច្រើន និងច្រើនជាងប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួនផ្សេងៗទៀតនៅក្នុងខេត្តសៀមរាបផងទៀតនោះ ត្រូវបានអាជ្ញាធរជាតិអប្សរា យកចិត្តទុកដាក់ជួសជុលឲ្យមានភាពរឹងមាំឡើងវិញ ។ បច្ចុប្បន្ន ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្គ្រោះប្រាសាទឥដ្ឋ នៅជ្រុងអាគ្នេយ៍នៃប្រាសាទភ្នំក្រោមនេះ ដែលតួប្រាសាទទាំងមូលរងការខូចខាតធ្ងន់ធ្ងរ ហើយការងារជួសជុលនេះ បានចាប់ផ្តើមពីខែឧសភា ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៥ ខាងមុខ ។
ប្រាសាទភ្នំក្រោម មិនត្រឹមតែជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រឡើយ ប៉ុន្តែក៏ជាទីតាំងមួយដែលអាចឲ្យភ្ញៀវទេស ចរណ៍បានទស្សនាថ្ងៃលិចដ៏ស្រស់ត្រកាល និងមើលឃើញទេសភាពនៅជុំវិញប្រាសាទយ៉ាងស្រស់ស្អាតបាន ៣៦០ដឺក្រេ ដែលរួមមានសម្រស់ផ្ទៃទឹកបឹងទន្លេសាបពណ៌មាស និងវាលស្រែដ៏ខៀវស្រងាត់ដាច់កន្ទុយភ្នែក និងខ្នងផ្ទះនៃអ្នកស្រុកផងដែរ ។ ប្រាសាទភ្នំក្រោម បានសាងសង់នៅលើកំពូលភ្នំតូចច្រឡឹងមួយជាប់បឹងទន្លេសាប ដែលមានកម្ពស់ ១៤០ម៉ែត្រ ស្ថិតនៅខាងជើងបឹងទន្លេសាប និងនៅទិសនិរតី មានចម្ងាយ ១២គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដង ស្ទឹងសៀមរាបពីជើងទៅត្បូង ។
យោងតាមឯកសារស្រាវជ្រាវ ប្រាសាទភ្នំក្រោម ត្រូវបានកសាងឡើង នាចុងសតវត្សទី៩ និងដើមសតវត្សទី១០ រចនាបថបាខែង ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (ឆ្នាំ៨៨៩-៩១០) បែរមុខទៅទិសខាងកើត ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ ។ ប្រាសាទនេះ សាងសង់នៅក្នុងកំពែងរាងបួនជ្រុងស្មើ មួយជ្រុងប្រវែង៥០ម៉ែត្រ សង់នៅលើខឿនដែលមានកម្ពស់ ១ម៉ែត្រ ២តឹក ។ មានប្រាង្គចំនួនបី ធ្វើអំពីថ្មភក់ តម្រៀបគ្នាជាជួរពីខាងជើងទៅត្បូង ដែលប្រាង្គកណ្តាលឧទ្ទិសដល់ព្រះសិវៈ ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ និងខាងត្បូងឧទ្ទិសថ្វាយព្រះព្រហ្ម។
នៅជាមួយនឹងការសាងសង់ប្រាសាទឡើងវិញនេះ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្ស នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងអាគ្នេយ៍របស់ប្រាសាទភ្នំក្រោម មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ដូចជាផ្នែកខឿនជើងជញ្ជាំង សសរផ្អោបសងខាងជញ្ជាំង និងដំបូលជាដើម ។
ដោយសារការខូចខាតមានសភាពធ្ងន់ធ្ងរខ្លាំង បាននាំឲ្យការជួសជុលបានជួបការលំបាកខ្លាំង លោក បានបញ្ជាក់ពីបច្ចេកទេសនៃការជួសជុលឲ្យមានភាពរឹងមាំឡើងវិញ។
លោក រស់ វិសុទ្ធ បញ្ជាក់បន្ថែមថា កាលពីឆ្នាំ២០២៤ កន្លងមក អាជ្ញាធរជាតិអប្សរា ធ្លាប់បានជួសជុលប្រាសាទឥដ្ឋនៅជ្រុងឦសាននៃប្រាសាទភ្នំក្រោមនោះ រួចរាល់ដោយជោគជ័យ និងបានរឹងមាំឡើងវិញ និងបានរួចផុតពីហានិភ័យនានាហើយ ៕















អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ អាជ្ញាធរជាតិអប្សរា