គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌រវាងប្រជាជាតិអាស៊ី និងជំរុញសន្តិភាព-ទំនាក់ទំនងប្រជាជន

ថ្លែងក្នុងវេទិកានៃការសន្ទនាស្ដីពីអរិយធម៌អាស៊ី ក្រោមប្រធានបទ «វប្បធម៌ ទេសចរណ៍ និងទំនាក់ទំនាក់រវាងប្រជាជន និងប្រជាជន» ដែលរៀបចំចាប់ពីថ្ងៃទី១៤-១៧ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងថា គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងវិថី នឹងផ្ដល់ឱកាសដល់ប្រទេសទាំងអស់តាមវិថីសូត្រ រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងវប្បធម៌។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌នេះ គឺអាចធ្វើឡើងតាមរយៈការបង្កើតកញ្ចប់ទស្សនកិច្ចនៃផលិតផលទេសចរណ៍វប្បធម៌រួមគ្នា ហើយការតភ្ជាប់នេះនឹងចូលរួមជំរុញឱ្យមានសន្តិភាព ការយោគយល់គ្នា និងទំនាក់ទំនងរវាងប្រជាជាតិនានាផងដែរ។

អង្គវេទិកាខាងលើបានរំលឹកថា ពិភពលោកបានចាត់ទុកប្រទេសចិនជាគោលដៅទេសចរណ៍ និងជាទីផ្សារទេសចរណ៍ដ៏ធំរបស់ពិភពលោក ដោយឆ្នាំ២០១៨ កន្លងទៅ ចិនបានទទួលទេសចរចំនួន១៤០លាននាក់ ហើយជនជាតិចិនចេញទស្សនាក្រៅប្រទេសកើនដល់១៦០លាននាក់។ ខណៈដែលប្រទេសទាំងអស់លើពិភពលោក សុទ្ធតែមានគោលនយោបាយទាក់ទាញទេសចរចិន ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានចែករំលែកជូនអង្គវេទិកាថា កម្ពុជាបានរៀបចំ នឹងកំពុងអនុវត្តសៀវភៅសស្ដីពី China Ready ដែលជាឯកសារគោលសម្រាប់ទាក់ទាញ និងផ្ដល់សេវាដល់ទេសចរជនជាតិចិន ព្រមទាំងបានរៀបចំ និងអនុវត្តយុទ្ធសាស្ត្រទីផ្សារទាក់ទាញទេសចរចិន ឆ្នាំ២០១៦-២០២០។ លើសពីនេះទៀត កម្ពុជា និងចិន បានពង្រីកកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត តាមរយៈការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ដែលបានប្រកាសផ្សព្វផ្សាយរួមគ្នានៅរាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០១៩ កន្លងទៅ រីឯកម្មវិធីបិទឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិននេះនឹងរៀបចំនៅប្រទេសចិន។

ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទេសចរណ៍ចិន-កម្ពុជា នឹងកាន់តែឈានឡើងកាន់តែខ្លាំងក្លាថែមទៀត ក្រោមស្មារតីនៃការអនុវត្តផែនកាសកម្មភាព នៃសហគមន៍វាសនារួមកម្ពុជា-ចិន ដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខា នាឱកាសកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងវិថី នៅទីក្រុងប៉េកាំងនាពេលកន្លងទៅថ្មីៗ។

សូមរំលឹកថា ឆ្នាំ២០១៨ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន៦,២លាននាក់ ក្នុងកំណើន១១% ក្នុងនោះទេសចរជនជាតិចិនមានចំនួន ២,០២លាននាក់ កើនឡើង៦៧%។ រយៈពេល៣ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណជាង១,៨លាននាក់ កើនឡើង ៩,៧% ក្នុងនោះទេសចរជនជាតិចិនមានប្រមាណជាង៦៨ម៉ឺននាក់ កើនជាង ៣៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner