អគ្គលេខាធិការអាយប៉ា (AIPA) បំពេញទស្សនកិច្ចវិស័យអប់រំឯកជនកម្ពុជា
ភ្នំពេញ៖ អគ្គលេខាធិការអាយប៉ា (AIPA) មើលឃើញការរីកចម្រើនរបស់កម្ពុជាថា នឹកស្មានមិនដល់ ក៏ព្រោះតែកម្ពុជាបានបោះជំហានយ៉ាងលឿនលើវិស័យអប់រំ ហើយកម្ពុជាលេចធ្លោទាំងធនធានមនុស្ស និងជាសក្តានុពលវិនិយោគ។ ជាក់ស្តែង នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយសដ៏ឧត្តុង្គឧត្តមបានទទួលបដិសណ្ឋារកិច្ច នូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនៈភាពវិស័យអប់រំ ព្រមទាំងបានអញ្ជើញទស្សនា បណ្ណាល័យឌីជីថល បន្ទប់ Lab ផ្នែកស្ថាបត្យកម្ម អាកាសចរស៊ីវិល និងបន្ទប់ Studio ផ្នែក IT ថ្នាក់រៀន បន្ទប់មហាវិទ្យាល័យ រួមទាំងអគារស្នាក់នៅនិស្សិត។
និស្សិតប្រមាណ ២,៣០០នាក់ ទះដៃប្រកដោយមោទនភាព និងចូលរួមតាមប្រព័ន្ធZoom ស្តាប់ការធ្វើបទបង្ហាញរបស់លោកជំទាវអគ្គលេខាធិការ អំពីកម្មវិធី “AIPA Roadshow លើកទី១៨ – The 18th AIPA Roadshow” ដើម្បីផ្សព្វផ្សាយដល់ស្រទាប់យុវជន ឱ្យបានស្គាល់ និងយល់ដឹងអំពីតួនាទីរបស់សភាជាសមាជិក AIPA និងតួនាទីរបស់សភាកម្ពុជាក្នុង AIPA ក៏ដូចជា ផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃនានារបស់ AIPA ដែលសម្រេចបាននាពេលកន្លងមក។ លោកជំទាវ កោតសរសើរ និងថ្លែងអំណរគុណនូវគំនិតផ្តួចផ្តើមរបស់សភាកម្ពុជាស្តីពី ការបង្កើតបណ្ណាល័យច្បាប់ឌីជីថល (AIPA Lync – Digital Law Library) ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាផង និងអាស៊ានផង ហើយ AIPA LYNC ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដោយមានឯកសារច្បាប់ពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដែលមានអ្នកចូលប្រើប្រាស់រហូតដល់ជិត ៣សែននាក់ រួចហើយនាពេលបច្ចុប្បន្ន។
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានថ្លែងអំណរគុណ លោកជំទាវអគ្គលេខាធិការ និងក្រុមការងារលេខាធិការដ្ឋានអាយប៉ាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកអញ្ជើញមកទស្សនកិច្ច និងផ្តល់ឱកាសជូននិស្សិតប៊ែលធី បានស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពី អន្តរសភាអាស៊ាន (AIPA) តាមរយៈបទបង្ហាញ និងវេទិកាជជែកពិភាក្សាដ៏មានសារៈសំខាន់។
បន្ទាប់ពី ទស្សនកិច្ច និងសំណេះសំណាលជាមួយនិស្សិតប៊ែលធី រួចមក លោកជំទាវអគ្គលេខាធិការ ក៏បានបន្តអញ្ជើញទៅទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់អំពីវិស័យទេសចរណ៍ ការរីកចម្រើនរបស់ខេត្ត និងទស្សនាសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាផងដែរ៕














