ហ្វីលីពីន-អាមេរិកធ្វើសមយុទ្ធដែនសមុទ្រនៅសមុទ្រចិនខាងត្បូង

ម៉ានីល ៖ កងទ័ពមកពីហ្វីលីពីន និងអាមេរិកចាប់ដៃគ្នាធ្វើសមយុទ្ធជើងទឹកនៅក្នុងតំបន់ដែនទឹកសមុទ្រចិនខាងត្បូង ដែលទាមទារដោយទីក្រុងម៉ានីល ពោលគឺកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលលោកប្រធានាធិបតីហ្វីលីពីន ហ្វើឌីណាន់ ម៉ាកូស ជេអ ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

យោងតាមសម្តីរបស់យោធាហ្វីលីពីន ល្បែងសង្គ្រាមដែនសមុទ្រដែលចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែកក្កដា បានប្រមូលផ្តុំដោយកងទ័ពជើងទឹក និងនាវាឆ្មាំសមុទ្រ ខណៈដែលខាងភាគីអាមេរិកបានបញ្ជូននាវាពិឃាតបំពាក់មីស៊ីល និង យន្តហោះចម្បាំងល្បាតដែនសមុទ្រ ជាផ្នែកមួយនៃសមយុទ្ធ។

ប្រមុខយោធាហ្វីលីពីន លោក រ៉ូមីអូ អេស ប្រោនណឺ ជេអ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា សមយុទ្ធដែនសមុទ្រនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសម្ព័ន្ធមិត្តទាំងពីរ នៅក្នុងការថែរក្សា និងការពារតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី បើកចំហ និងសុវត្ថិភាព។

ទីក្រុងម៉ានីល និងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្តចង់ភ្ជាប់គ្នាដោយសន្ធិសញ្ញាយូរអង្វែងនេះ កំពុងធ្វើការរួមគ្នាពង្រឹងវិស័យការពារជាតិ ចំពេលមានការកើនឡើងភាពតានតឹង និងការអះអាងរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកពាណិជ្ជកម្មសកលដ៏សំខាន់មួយ ហើយត្រូវបានគេជឿថា សម្បូរទៅដោយធនធានរ៉ែ និងប្រេងដ៏មហាសាល។

ហ្វីលីពីន-អាមេរិកបានព្រមព្រៀងគ្នារៀបចំសកម្មភាពកិច្ចសហប្រតិបត្តិការដែនសមុទ្រ ហៅកាត់ (MCA) នៅក្នុងដែនទឹកដែលមានជម្លោះ ដើម្បីជួយពង្រឹងសមត្ថភាពអន្តរប្រតិបត្តិការរបស់កងកម្លាំងប្រទេសទាំងពីរនៅដែនសមុទ្រ។ ចំណែកសមយុទ្ធកាលពីថ្ងៃពុធសប្តាហ៍នេះ គឺជាលើកទី៤ហើយសម្រាប់ឆ្នាំ២០២៥ និងជាលើកទី៨ ចាប់តាំងពីសមយុទ្ធទ្វេភាគីបានចាប់ផ្តើមក្នុងឆ្នាំ២០២៣៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner