រដ្ឋបាលខេត្តសៀមរាបនាំគ្នាដាំកូនឈើនៅក្នុងស្រុកបន្ទាយស្រី

សៀមរាប ៖ក្នុងឱកាសអបអរពិធី “រុក្ខទិវា៩កក្កដាឆ្នាំ ២០២៥ក្រោមប្រធានបទ “ដាំឈើថ្ងៃនេះ ដើម្បីជីវិតថ្ងៃស្អែក” ឯកឧត្តមគុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក អ៊ឹង គឹមលាង តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ បាន​ចូលរួមដាំកូនឈើស្ថានីយស្តារ និងអភិវឌ្ឍន៍ឈើបន្ទាយស្រី នៃភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រីនៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បច្ចុប្បន្នវិស័យកសិកម្មក្នុងខេត្ត​សៀមរាប​​ជាវិស័យអាទិភាពមួយបានរួមចំណែកក្នុងការទ្រទ្រង់ កំណើនសេដ្ឋកិច្ច និងធានាសន្តិសុខស្បៀង តាម​រយៈបង្កើនផលិតភាព ពិធកម្មដំណាំកសិកម្ម និងពង្រីក កសិ.ធុរកិច្ច លើកកម្ពស់សុខភាពសត្វ និងផលិតកម្ម​ជា​លក្ខណៈជាពាណិជ្ជកម្ម។លោកបន្តថា នាដើមរដូវវស្សា ស្ថានភាពទឹកភ្លៀងបាន​ធ្លាក់មកជាបន្តបន្ទាប់នៅតាមបណ្តា​មូលដ្ឋាន​នានាទូទាំងខេត្ត ញ៉ាំងឱ្យការងារបង្កបង្កើនផល ប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។ ពោលការដាំដុះដំណាំ​មានសន្ទុះជាធម្មតា ។ចំពោះវិស័យចិញ្ចឹមសត្វ ពុំមានជំងឺឆ្លង រាតត្បាតគួរឱ្យកត់សម្គាល់ឡើយ ហើយដែលអាចធានា​បាននូវការផ្គត់ផ្គង់សេចក្តីត្រូវការក្នុងស្រុក និងមានសល់នាំចេញមួយចំនួន។

លោកបន្តថាទោះជាដូចនេះក្តី ក៏វិស័យកសិកម្ម ក៏នៅជួបបញ្ហាប្រឈមមួយចំនួនដូចជា កត្តាប្រែប្រួលអាកាសធាតុ​បណ្តាលឱ្យមានការផ្ទុះឡើងនូវកត្តាចង្រៃ ស៊ីបំផ្លាញ ដំណាំស្រូវវស្សា ការអនុវត្តវិធានច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នៅមានការខ្វះចន្លោះ ។ទីតាំង ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការឈើដាំ និងដីព្រៃ​សហគមន៍ មានការលួចដុត និងការកាប់រាន យកដីធ្វើជាកម្មសិទ្ធិជាដើម ដែលជាក្តីកង្វល់ក្នុងការអភិវឌ្ឍវិស័យនេះ។

លោក អ៊ឹង គឹមលាង តំណាងអភិបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធឱ្យចេះស្រឡាញ់ព្រៃឈើ ចូល រួមដាំដុះ និងការពារព្រៃឈើ។លោកថា ការដាំកូនឈើមិនត្រឹមតែជាសិល្បៈនៃការអភិវឌ្ឍបៃតងទេ ប៉ុន្តែជាការបង្ហាញពីវិស័យការយកចិត្តទុកដាក់ និងទំនួល​ខុសត្រូវសង្គមរបស់ពួកយើងចំពោះជីវិតនាពេលអនាគត ។យើងគ្រប់គ្នាត្រូវចូលរួមចំណែកការពារ និងថែរក្សា​ព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋ គ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ៕

ដោយ៖ ប៊ុន រដ្ឋា

ads banner