ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈជំងឺគ្រុនឈាមកើនឡើងគួរព្រួយបារម្ភ
កំពង់ឆ្នាំង៖ នៅខេត្តកំពង់ឆ្នាំងចាប់ពីសប្តាហ៍ទី ១ដល់សប្តាហ៍ទី ២៨ ដែលត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំង ករណីជំងឺគ្រុនឈាមកើតឡើងចំនួន ៥០១ ករណី (ស្រី២៥០នាក់)បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ កើតមានត្រឹម៩០ករណីប៉ុណ្ណោះ ។តួលេខនេះបង្ហាញពីកើនឡើង៥ ទៅ ៦ដងធៀបនឹងឆ្នាំចាស់ ឬស្មើប្រមាណ៤៥៧ភាគរយ ។នេះបើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។
របាយការណ៍ដដែលបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី ២៧ ឆ្នាំ២០២៥ មានករណីអ្នកជំងឺគ្រុនឈាម សម្រាកព្យាបាល ទាំងនៅក្នុងខេត្តនិងក្រៅខេត្ត មានរហូតដល់ទៅ៧៨៣ ករណី ក្នុងនោះសម្រាកព្យាបាលនៅក្នុងខេត្តចំនួន៤២០ ,ករណីក្រៅខេត្តចំនួន៣៦៣ករណី ។ស្លាប់មួយករណី (ស្រី១)ក្នុងសប្តាហ៍ទី២៦ នៅមន្ទីរពេទ្យកុមារជាតិ។
ប្រភពដដែលបន្តថាអ្នកជំងឺគ្រុនឈាមកើនឡើងច្រើនជាងគេនៅស្រុករលាប្អៀរមានចំនួន១៨៥ករណី ,ស្រុកទឹកផុស៩៤ ករណី ,ក្រុងកំពង់ឆ្នាំង៥៨ ករណី ,ស្រុកកំពង់ត្រឡាច ៥៧ ករណី ,សាមគ្គីមានជ័យ ៤៣ ករណី ,ស្រុកបរិបូណ៌ ៣២ករណី ,ស្រុកកំពង់លែង ១៦ ករណី ,ស្រុកជលគីរី ៦ ករណី និងមកពីខេត្តផ្សេង១០ករណី ។
លោកវេជ្ជបណ្ឌិត ឈឹមសារ៉ន ប្រធានសាលនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបាននិយាយនៅថ្ងៃទី១៨ ខែកក្កដា នេះថា នៅសាលកុមារ មានអ្នកជំងឺសម្រាកព្យាបាលទូទៅ៨៤ ករណី ក្នុងនោះគ្រុនឈាមមាន ៤៧ ករណី( ប្រុស ២៧នាក់) ។ក្រៅពីនោះជំងឺទូទៅមាន រលាកផ្លូវដង្ហើម រលាកសួត រាក និងជំងឺផ្សេងៗ មាន ២៧ករណីក្នុងនោះ កូនតូច ៦ នាក់។ បើគិតពីសប្តាហ៍ទី១ ដល់សប្តាហ៍ទី ២៨ នៃឆ្នាំ២០២៥ អ្នកជំងឺចូលសម្រាកព្យាបាលនៅសាលកុមារមាន ៤១២ ករណី ធ្ងន់បញ្ជូនទៅភ្នំពេញ ១៣ ករណី តែពុំមានអ្នកស្លាប់ទេ ។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវសម្រាកនៅក្នុងមុងទាំងថ្ងៃយប់ ឱ្យបានត្រឹមត្រូវ ។កម្ចាត់សំបកកំប៉ុង សំបកដូង សំបកកង់ឡាន ដែលអាចដក់ទឹក កាប់ឆ្កាព្រៃជុំវិញបរិវេណផ្ទះ ដើម្បីបំផ្លាញជម្រកមុសខ្លាដែលជាភ្នាក់ងារចម្លងមេរោគគ្រុនឈាម៕
ដោយ៖សុខ គឹមសៀន









