កូរ៉េខាងជើងមិនឲ្យទេសចរបរទេស ចូលលេងរមណីយដ្ឋានមាត់សមុទ្រថ្មី

បរទេស៖ បន្ទាប់ពីបើកដំណើរការបានជាង១សប្តាហ៍ ទទួលអ្នកទេសចរក្នុងស្រុកភ្លូកទឹកភ្លូកដី តំបន់រមណីយដ្ឋានមាត់សមុទ្រថ្មី Waikiki របស់កូរ៉េខាងជើង ស្រាប់តែចេញមកប្រកាស ហាមមិនឲ្យអ្នកទេសចរបរទេសទាំងអស់ ចូលទៅលេងកម្សាន្ត។

ទីភ្នាក់ងារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃទី១៨ ខែកក្កដានេះ ថា តំបន់ ដែលជាបណ្តុំសណ្ឋាគារខ្ពស់ៗ អាចផ្ទុកមនុស្សបានប្រហែល ២ម៉ឺននាក់ មួយនេះ បានដាក់ចេញបំរាមដូច្នេះ នៅក្រោយប៉ុន្មានថ្ងៃ ដែលកូរ៉េខាងជើង បានទទួលស្វាគមន៍ គណប្រតិភូរុស្ស៊ី ទៅទស្សនា នៅតំបន់នោះ។

ទីភ្នាក់ងារព័ត៌មាន KCNA បានចេញផ្សាយថា រដ្ឋបាលទេសចរណ៍ជាតិ បានចេញសេចក្តីថ្លែងការណ៍មួយថា ភ្ញៀវទេសចរបរទេស មិនត្រូវបានទទួលស្វាគមន៍ ជាបណ្តោះអាសន្ន តែ មិនផ្តល់ព័ត៌មានលម្អិតបន្ថែម នោះទេ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលបានដឹកនាំគណៈប្រតិភូ ទៅដល់ទីនោះ កាលពីសប្តាហ៍មុន បានសាទរគម្រោងមាត់សមុទ្រនេះថា ជា ការទាក់ទាញទេសចរណ៍ដ៏ល្អ ដោយបន្ថែមថា តំបន់ឆ្នេរ Waikiki នឹងក្លាយទៅជាការពេញនិយម ក្នុងចំណោមអ្នកទេសចរក្នុងស្រុក និងរុស្ស៊ី ដែលកំពុងស្វែងរកទិសដៅថ្មី។ នៅមុនដំណើរទស្សនកិច្ចនេះ ប្រទេសរុស្ស៊ី បានប្រកាសថា ខ្លួននឹងចាប់ផ្តើមជើងហោះហើរពីរដង ក្នុងមួយសប្តាហ៍ រវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។

ក្រុមអ្នកវិភាគបាននិយាយថា លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ ក្នុងអំឡុងឆ្នាំដំបូង ដែលខ្លួនឡើងមកកាន់អំណាច ហើយតំបន់រមណីយដ្ឋានឆ្នេរ គឺជាការផ្តោត ជាពិសេស។

យ៉ាងណាក៏ដោយ ក្រសួងបង្រួបបង្រួម របស់កូរ៉េខាងត្បូង ជឿជាក់ថា បើទោះបីជា អនុញ្ញាតឲ្យទៅលេង ក៏ ចំនួនទេសចរណ៍អន្តរជាតិទៅកាន់រមណីយដ្ឋានថ្មីនេះ ទំនងជានៅតិចតួច នៅឡើយ ដោយសារ តែសមត្ថភាពជើងហោះហើរ នៅមានកម្រិត៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner