គណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ,ឃាត់ខ្លួនជនសង្ស័យជាង១០០នាក់
ឧត្តរមានជ័យ៖អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យឯកឧត្តម មាន ចាន់យ៉ាដា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រួមមាន ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដោយមានការសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានចុះប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៩ទីតាំង ក្នុងនោះ ៦ទីតាំង ស្ថិតនៅសង្កាត់អូរស្មាច់ ក្រុងសំរោង និង៣ទីតាំងទៀត នៅជប់គគីរ នៃស្រុកបន្ទាយអំពិល។
នៅក្នុងប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន វៀតណាម ថៃ និងឡាវ ១០៣នាក់ ក្នុងនោះ ស្រី៤១នាក់ ដែលពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)និងបទល្មើសផ្សេងៗទៀត ដូចជា ការឆ្លងដែនខុសច្បាប់ ការរស់នៅ និងការធ្វើការងារខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ។ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ឡុង សំបូរ











