រថយន្ត ATOZ បុកម៉ូតូឌ្រីម បណ្តាលឲ្យបុរសម្នាក់ស្លាប់
ភ្នំពេញ៖ បុរសជាមន្ត្រីយោធាចូលនិវត្តន៍វ័យ៥៦ឆ្នាំម្នាក់ បានធ្លាយពោះវៀនស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយ ATOZ បុកម៉ូតូគាត់ពេញទំហឹងបណ្តាលឲ្យខ្ទាតជិត១០ម៉ែត្រ កាលពីវេលា៩និង៤០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះមានឈ្មោះ សុខ ប៊ុនធឿន ហៅ បឿ មានស្រុកកំណើត ភូមិថ្នល់បន្ទាយ សង្កាត់ពុនសាំង ខណ្ឌព្រែកភ្នៅ។ តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ឃើញបុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ATOZ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2Z-1435 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកម៉ូតូជនរងគ្រោះ ម៉ាកហុងដាឌ្រីមស៊េរី២០១៩ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1HK-2998 បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចពេញទំហឹងបណ្តាលឲ្យ ជនរងគ្រោះខ្ទាតជិត១០ម៉ែត្រស្លាប់នៅនឹងកន្លែងភ្លាមៗ។ ចំណែកម្ចាស់រថយន្តបង្ក ឃើញសភាពមិនស្រួល ក៏រត់គេចខ្លួនចេញពីកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ជូនសាច់ញាតិផងដែរ៕ធ.ដ