ខ្ចីម៉ូតូអ្នកធ្វើការជាមួយគ្នាជិះទៅទិញម្ជូរហូប ត្រូវរថយន្តបុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ភ្នំពេញ៖ នារីពីរនាក់ជិះម៉ូតូឌុបគ្នាទៅទិញម្ជូរហូប ត្រូវបានរថយន្តឡិចស៊ីស៥៧០ មិនចាំស្លាកលេខបុកផ្លោងចូលក្រោមរថយន្តមួយគ្រឿងទៀតចតស្រៀមនៅចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១៩កែងនឹងផ្លូវ១០៨ ខាងលិចផ្សារចាស់ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះ គ្រី ម៉ាស់ អាយុ២៧ឆ្នាំ មុខរបរធ្វើការនៅហាងអ៊ីនធើណិតមួយកន្លែងក្បែងកន្លែងកើតហេតុ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតស្រុកសួង ខេត្តត្បូងឃ្នុំ។ ចំណែកម្នាក់ទៀតតងតបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពីបុរសម្នាក់បានអះអាងថា ជាម្ចាស់ម៉ូតូរបស់ខ្លួនបាន ឲ្យដឹងថា មុនកើតហេតុនារីរងគ្រោះទាំងពីរនាក់ បានខ្ចីម៉ូតូគាត់ ជិះទៅទិញម្ជូរហូប ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩ទិសដៅពីត្បូងទៅជើង មកដល់កែងនឹងផ្លូវ១០៨ ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស 570ពណ៌សមិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវ១០៨ទិសដៅពីលិចទៅកើត បុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះម្នាក់ផ្លោងទៅចូលក្រោមរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសGX470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS-7593 ម្ចាស់ចតស្រៀមតាមចិញ្ចើមផ្លូវបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ ចំណែកម្នាក់ទៀតរងត់របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ រីឯរថយន្តបង្កបើករត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយកម៉ូតូដែលជនរងគ្រោះខ្ចី ទៅរក្សាទុកបណ្តោះអាសន្ននៅអធិការខណ្ឌដូនពេញ រង់ចាំសាច់ម្ចាស់ម៉ូតូយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនម្ចាស់វិញ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួច និងដឹកទៅតម្កល់ទុកនៅវត្តតាំងកសាង រង់ចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ