បាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship វគ្គផ្តាច់ព្រ័ត្រស្វាគមន៍កីឡាករកីឡាការនីជើងខ្លាំង ១៩២នាក់មកពី៣រាជធានីខេត្ត
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship វគ្គផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅដោយជោគជ័យលើវាលស្មៅខៀវខ្ចីនៃ ទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ ក្នុងរាជធានីភ្នំពេញ ដោយទទួលស្វាគមន៍វត្តមានក្រុមបាល់ទាត់ជើងខ្លាំងទាំង ១៦ក្រុម ជាក្រុមឈ្នះក្នុងការប្រកួតវិលជុំ ប្រចាំខេត្តទាំងបី ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Grand Championshipវគ្គផ្តាច់ព័ត្រ ដែលធ្វើឡើងនៅរាជធានីភ្នំពេញនេះ គឺមានការចូលរួមកីឡាករកីឡាការីចំនួន ១៩២នាក់ មកពី ១៦ក្រុម មានរាជធានីភ្នំពេញ .បន្ទាយមានជ័យ និង ខេត្តកំពង់ធំ ដែលក្រុមបាល់ទាត់ទាំងអស់បានឆ្លងកាត់ការប្រកួតចម្រាញ់ពីបណ្តាខេត្ត។ ក្នុងនោះមាន កុមារា និងកុមារីអាយុ ក្រោម ១០ឆ្នាំ, កុមារា និងកុមារីអាយុក្រោម ១៤ឆ្នាំ, កុមារាអាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ ឆ្នាំជាដើម ។
ក្នុងការប្រកួតនីមួយៗ កីឡាករកីឡការនីវ័យក្មេងទាំងនេះមិនត្រឹមតែបានបង្ហាញពីភាព ប៉ិនប្រសប់ក្នុងការទាត់បាល់ប៉ុណ្ណោះទេ តែថែមទាំងផ្តោតសំខាន់លើការធ្វើការងារជាក្រុម ការមាន វិន័យ និងស្មារតីស្រឡាញ់កីឡា ដែលជាតម្លៃដែលពួកគេបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាំងពីដើមដល់ចប់ នៃការប្រកួតវិលជុំនេះ ។
អ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា “ឆ្នាំ២០២៥នេះ គឺជាឆ្នាំទីប្រាំបួនហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខ ភាព អេ អាយ អេ ខេមបូឌាបានផ្តល់កិច្ចគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Youth League ដែលជាការប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋានដ៏ធំមួយនៅកម្ពុជា ។ អង្គការផ្កាយសមុទ្រពិតជាមានមោទនភាពជាពន់ពេកចំពោះព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ ក៏ដូចជា ការផ្លាស់ប្តូរជាវិជ្ជមានដែលកើតឡើងក្នុងជីវិតកុមារ និងយុវជនជាកីឡាករកីឡាការនីវ័យក្មេងចូលរួម ប្រកួត ។ ព្រឹត្តិការណ៏នេះមិនត្រឹមតែបង្រៀនពួកគេពីការលេងបាល់ទាត់ប៉ុណ្ណោះទេ តែវាថែមទាំងជួយ ពួកគេអភិវឌ្ឍជំនាញបំណិនជីវិតសំខាន់ៗដូចជា ភាពតស៊ូធន់ទ្រាំ ការធ្វើការងារជាក្រុម និងការតាំង ចិត្តជាដើម ។ លោក ស្រី សូមថ្លែងអំណរគុណដល់ក្លឹបបាល់ទាត់ Tottenham Hotspur Football Club សម្រាប់កិច្ចគាំទ្រដ៏អស្ចារ្យ តាមរយៈក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលបានផ្តល់ឱកាសល្អៗជាច្រើនដល់កីឡាករកីឡាការនីជាកុមារកុមារី មកពីថ្នាល AIA – ISF Youth League ឲ្យបានចូលរួមកម្មវិធីបាល់ទាត់ AIA – Spurs Elite Football Camp នៅកោះសាមុយ ប្រទេសថៃ និងបទពិសោធន៍លើកដំបូងបំផុតក្នុងជីវិតមិនធ្លាប់មានគឺធ្វើជាកុមារដើរកាន់ដៃកីឡាករក្នុង ការប្រកួតរបស់ក្លឹបនេះនៅទីក្រុងឡុងដ៍ ។”
ដោយឡែក អ្នកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូ ឌាបានបន្ថែមថា៖ “អេ អាយ អេ ខេមបូឌាប្តេជ្ញាចិត្តក្នុងការជួយប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ។ តាមរយៈកិច្ចសហការរបស់យើងជាមួយនឹងអង្គការផ្កាយសមុទ្រ ពួកយើង បានរួមគ្នានាំយកផលវិជ្ជមានដល់ជីវិតកុមារ និងយុវជនជួបប្រទះការលំបាកជាង ១៦,៨៤៥ នាក់ចាប់ តាំងពីឆ្នាំ២០១៧មក ដោយលើកកម្ពស់ការអប់រំ និងកីឡា ។ ព្រឹត្តិការណ៍ប្រកួតថ្ងៃនេះគឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញារបស់យើងចំពោះសុខភាព សុខុមាលភាព និងការអភិវឌ្ឍយុវជន ។ ចំពោះប្អូនៗ កីឡាករកីឡាការនីឆ្នើមៗដែលឈរនៅទីនេះ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចាប់យកឱកាសល្អៗ កើតចេញពីការប្រកួតវិលជុំនេះ ដើម្បីពង្រឹងសុខភាព រៀនសូត្រជំនាញបាល់ទាត់ កសាងភាពក្លាហាន និងទំនុកចិត្តផងដែរ ។
សូមបញ្ជាក់ថា ឆ្នាំ២០២៥ នេះជាឆ្នាំទី៩ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេម បូឌាបានផ្តល់កិច្ចគាំទ្រដល់ការរៀបចំព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើង ។ តាមរយៈកិច្ចសហការដ៏ធំមួយនេះ កីឡាករកីឡាការនីជាកុមារ និងយុវជនជាង ១៦,៨៤៥ នាក់ មកពី ៨៨៣ក្រុម ក្នុងបណ្តាខេត្តក្រុងចំនួន១០ ទទួលបានឱកាសលេងបាល់ទាត់ ទទួលបានការអប់រំ និងរៀនសូត្រជំនាញបំណិនជីវិតសំខាន់ៗ ក៏ដូចជាយល់ដឹងសារៈសំខាន់នៃសុខភាព និងសុខុមាលភាពទៀតផង ។ អ្វីដែលគួរឲ្យសម្គាល់នោះគឺ កីឡាករចំនួន ៩៧ភាគរយ បានបង្ហាញថាពួកគេមានសុខភាពល្អជាងមុនបន្ទាប់ពីបានចូលរួមលេង បាល់ទាត់ ដែលបង្ហាញពីផលវិជ្ជមានដ៏ធំកើតចេញពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA–ISF Youth League ដែលជួយអភិវឌ្ឍយុវជនកម្ពុជា ៕រូបភាព អង្គការ អត្ថបទ៖ ជាវ ចន្ធូ


















