មិនសម្ងំស្ងៀម រដ្ឋបាលខេត្តបាត់ដំបងចាត់វិធានការភ្លាមៗតាមបទបញ្ជានាយករដ្ឋមន្រ្តី

បាត់ដំបង៖នៅសាលាខេត្ត នាចុងសប្ដាហ៍នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់​ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា​ការងារចាំបាច់របស់រដ្ឋបាលខេត្ត។កិច្ចប្រជុំជាការឆ្លើយតបភ្លាមនឹងបទបញ្ជា​ប្រមុខ​រាជរដ្ឋា​ភិបាលទាក់ទងនឹងយុទ្ធនាការបោសសម្អាតអំពើឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។

ក្នុងកិច្ចប្រជុំដែលមានសមាសភាពសុទ្ធសឹងជាថ្នាក់ដឹកនាំ ជំនាញពាក់ព័ន្ធចំណុះ​រដ្ឋបាល​ខេត្តគ្រប់ថ្នាក់​ សមត្ថកិច្ច​ប្រដាប់អាវុធគ្រប់ប្រភេទ​ ឯកឧត្តមអភិបាលខេត្ត​បានលើកឡើងអំពីការណែនាំនិងបទបញ្ជា​របស់សម្ដេច​ធិបតី​នាយករដ្ឋមន្រ្តីក្នុង​ការបង្ក្រាប និងទប់ស្កាត់នូវរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

ឯកឧត្តម សុខ លូ ប្រាប់កិច្ចប្រជុំថា បទបញ្ជាខាងលើ គឺជាការងារអាទិភាពត្រូវ​តែ​អនុវត្តឱ្យ​បានម៉ឺងម៉ាត់​ជាទីបំផុត ដោយមិនអនុញ្ញាតឱ្យមានបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យាអនឡាញ(Online Scams)កើតមាន ឬបន្ត​ឱ្យ​មាននៅក្នុងមូលដ្ឋានរបស់ខ្លួនជាដាច់ខាត។នេះជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រសិន​បើសមត្ថកិច្ច អាជ្ញាធរ អង្គភាពពាក់ព័ន្ធ ឬ ក្រុមហ៊ុន សហគ្រាសណា​មិនសហការ នឹងចាត់វិធានការ ទៅតាមផ្លូវច្បាប់ ដោយមិនមានការ​លើក​លែង​នោះឡើយ។

ក្នុងកិច្ចប្រជុំដដែលឯកឧត្តម សុខ លូ ក៏បានណែនាំដល់អាជ្ញាធរនិងគ្រប់កង​កម្លាំងមានសមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែអនុវត្តកិច្ចការនេះឱ្យម៉ឺងម៉ាត់។ចាត់ទុកជាកិច្ចការអាទិភាពចាំបាច់បំផុត។ត្រូវតាមដាន ត្រួតពិនិត្យ ជាប្រចាំ​ទៅលើទីតាំងដែលសង្ស័យ និងត្រូវមានរបាយការណ៍ជាប្រចាំ។ក្នុងករណីចាំបាច់ ត្រូវសុំគោលការណ៍ពីថ្នាក់លើដើម្បី​មានវិធានការទាន់សភាពការណ៍ ។

សូមជម្រាបថា តាមរបាយការណ៍​លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធ​ប្រឆាំងការ​ឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យាគិតចាប់ពីថ្ងៃទី២៧ខែមិថុនា មកត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម បានចុះធ្វើប្រតិបត្តិការ​បោសសម្អាត​បទល្មើស​ឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ៤៥ទីតាំង/ករណី និងឃាត់ខ្លួនជនសង្ស័យសរុប ២.២៧០នាក់ (ស្រី ៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៤២៩នាក់(ស្រី ១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិ​ចិន ៧០២នាក់(ស្រី ៩៧នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) បង់ក្លាដេស ៧០នាក់(ស្រី ២៧នាក់) ប៉ាគីស្ថាន ៤២នាក់(ស្រី ៣នាក់) និងជនជាតិផ្សេងៗទៀតរួមមាន ថៃ ឡាវ ឥណ្ឌា នេប៉ាល់ ហ្វីលីពីន និងមីយ៉ាន់​ម៉ាជាដើម។

សមត្ថកិច្ចដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) សម្លៀកបំពាក់​ប៉ូលិសចិនមួយចំនួន ជញ្ជីងថ្លឹង-ប្រអប់ដាក់គ្រឿងញៀន ម្សៅក្រាម​ពណ៌សសង្ស័យ​សារធាតុញៀនអាវុធ គ្រាប់កាំភ្លើងនិងសម្ភារមួយចំនួននិងបញ្ជូនមេខ្លោង​ចំនួន១១​នាក់​​ទៅ​តុលាការ។ក៏មានកិច្ចសហការជាមួយអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រៀមរៀបចំបញ្ជូនជនបរទេសទៅ​កាន់មណ្ឌល​រង់ចាំត្រៀមបណ្ដេញចេញទៅ​ក្រៅប្រទេស៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

ads banner