ទឹកទន្លេមេគង្គពន្លិចកំណាត់ផ្លូវដី និងផ្លូវបេតុងពីរកន្លែងប្រវែងជាងបីរយម៉ែត្រ នៅឃុំកោះសូទិន
កំពង់ចាម៖រដ្ឋបាលឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥កំណាត់់ផ្លូវដីមួយខ្សែប្រវែងប្រមាណ៣០០ម៉ែត្រស្ថិតនៅភូមិទី១(ក្បាលកោះ) និងផ្លូវបេតុងប្រវែង១០០ម៉ែត្រ ស្ថិតនិងភូមិទី៩ ភូមិទី១២ក្នុងឃុំកោះសូទិនត្រូវបានជន់លិចទឹកទន្លេមេគង្គខណៈកំពុងហក់ឡើងជាបន្តបន្ទាប់ដល់កម្ពស់ជាង១០ម៉ែត្រ។
លោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិន បានឱ្យដឹងថា ផ្លូវទាំងពីរខ្សែខាងលើនេះមិនអាចធ្វើដំណើរដូចធម្មតាទេ គឺត្រូវឆ្លងដោយទូក ដ។
ដោយឡែកនៅថ្ងៃទី១៩ ខែកក្កដាដដែល ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត។លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឱ្យដឹងថា ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកក្កដាទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១០.៥០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៣០ម៉ែត្រ។ កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៨.៩៨ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ចំពោះអាកាសធាតុមានភ្លៀងធ្លាក់តិចឬច្រើននៅស្រុកចំនួន៤ក្នុងខេត្ត ៕
ដោយ៖លី ពៅ



