រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖សារព័ត៌មានថៃមួយចំនួនបង្កើតនូវភាពមន្ទិល និង ខ្លះបានបំប៉ោងហួសពីការពិត
(សៀមរាប)៖ ឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានថ្លែងថានាកន្លងមកអ្វីដែលយើងបានមើលឃើញការផ្សព្វផ្សាយកន្លងមករបស់បណ្តាញសារព័ត៌មានថៃគឺការបង្កើតនូវភាពមន្ទិល និង ការប្រើប្រាស់ពាក្យពេជ្រដែលមានពេលខ្លះគឺ អ្នកសារព័ត៌មានបានបំប៉ោង ហួសពីការពិតទាំងស្រុង។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាបចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងទាក់ទិនទៅនឹងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃនេះថា”យើងលើកឧទាហរណ៍ដូចជានៅថ្ងៃទី៨ ខែមិថុនាកន្លងទៅគឺកម្ពុជា និង ថៃមានការឈានដល់ការសម្រួលកងកម្លាំងកងទ័ពក្នុងតំបន់មុំ៣ ។ ក្នុងនេះសារព័ត៌មានថៃ ពិសេសសារព័ត៌មានថៃស៊ុត ដោយសារព័ត៌មាននេះបានផ្សព្វផ្សាយថាកងទ័ពកម្ពុជាបានដកទ័ព នេះជាឧទាហរណ៍ដែលយើងអាចមើលឃើញថាប្រព័ន្ធផ្សព្វផ្សាយបានបំភ្លៃខុសពីការពិត ដែលធ្វើឱ្យមានការយល់ច្រឡំ ។ ក្រៅពីនេះយើងសង្កេតឃើញថាមានការបង្ក និងសាងបញ្ហាពីប្រព័ន្ធផ្សព្វផ្សាយមិនមានភាពច្បាស់លាស់ក៏ដូចជាបំភ្លៃ បំភ្លើសទៅលើហេតុការណ៍មួយចំនួនដែលបង្កើតដោយសារព័ត៌មានរបស់ថៃ នាំឱ្យមានការយល់ច្រឡំ នេះដូចគ្នាផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាបានស្នើសុំទៅភាគីថៃពិសេសប្រព័ន្ធផ្សព្វផ្សាយថៃគឺសុំឱ្យប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។ការផ្សព្វផ្សាយត្រូវប្រកាន់សច្ចះភាពព័តមាន ភាពត្រឹមត្រូវរបស់ព័ត៌មាន សុំកុំឱ្យបញ្ចូលនូវនិន្នាការ នយោបាយក្នុងព័ត៌មានរបស់ខ្លួន ។
ឯកឧត្តម នេត្រ ភក្រ្តាបានមានប្រសាសន៍ថា”ខ្ញុំមិនបានបង្រៀនអ្នកសារព័ត៌មានថៃទេ ប៉ុន្តែអ្វីដែលយើងបានសង្កេតឃើញគឺការបំភ្លៃ បំភ្លើស ជាពិសេសការប្រើប្រាស់នូវពាក្យបំភ្លៃ បំប៉ោងព័ត៌មាន តាមរយៈការបង្កើតព័ត៌មានដោយបំភ្លៃ បំភ្លើស បំភាន់ព័ត៌មានគឺមានច្រើនដែលធ្វើឱ្យការផ្សព្វផ្សាយរបស់គាត់នេះអាចថាបំពេញចិត្តប្រជាជនរបស់គាត់ ក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា តែងបានទទួលព័ត៌មានពិត ព័ត៌មានត្រឹមត្រូវតាមរយៈប្រព័ន្ធផ្សព្វផ្សាយ របស់កម្ពុជា។
ទន្ទឹមជាមួយការលើកឡើងបែបនេះរដ្ឋមន្រ្តីក្រសួងព៏ត៌មានបានគូសបញ្ជាក់ដែរថា”ហើយអ្វីដែលយើងមើលឃើញថាប្រព័ន្ធផ្សព្វផ្សាយរបស់ភាគីម្ខាងទៀតនោះគឺជាការមិនត្រឹមត្រូវ ប្រាសចាកពីការពិត។ហើយពិភពលោកក៏បានមើលឃើញជាក់ស្តែងពីរបៀបនេះដែរតាមរយៈប្រព័ន្ធ ផ្សព្វផ្សាយផ្សេងៗក្នុងនេះព័ត៌មានអន្តរជាតិដែលគេផ្សព្វផ្សាយពីការពិត ដែលវាខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយថៃបានធ្វើនាកន្លងមក។
គួរបញ្ជាក់ថា ក្នុងជម្លោះតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃកន្លងមកសារព័ត៌មានថៃមួយចំនួនធំត្រូវបានគេរិះគន់ និងមើលឃើញថាកំពុងបំភ្លៃ ការពិត ហើយបានធ្វើការផ្សព្វផ្សាយដោយប្រាសចាកសច្ចះភាព ខ្វះ ក្រមសីលធម៌វិជ្ជាជីវៈដោយញុះញង់បង្កជម្លោះព្រំដែនរវាងប្រទេសទាំងកាន់តែខ្លាំងក្លាថែមទៀត។សារព័ត៌មានទាំងនេះភាគច្រើនផ្គាប់ចិត្តក្រុមជាតិនិយមថៃ និងកងទ័ពរបស់ពួកគេ៕
ដោយ ៖ ម៉ាដេប៉ូ
Page
